ភ្នំពេញ៖ នៅល្ងាចថ្ងៃសៅរ៍ ១០រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ជិះម៉ូតូចំនួន៣គ្រឿង ក្រោយធ្វើសកម្មភាពឆក់កាបូបយួរពីនារីម្នាក់ជាបុគ្គលិកក្រុមហ៊ុនលក់ថ្នាំពេទ្យ(UAS)បានសម្រេច ហើយព្យាយាមជិះរត់គេចខ្លួន តែត្រូវកម្លាំងនគរបាលប៉ុស្តិ៍បឹងកក់ទី២ កំពុងល្បាតនៅក្បែរនោះដេញក្របួចជាប់ ។
យោងតាមប្រភពពីមន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា កម្លាំងនគរបាលប៉ុស្តិ៍បឹងកក់ទី២ បានឃាត់ខ្លួនក្រុមចោរឆក់ទ្រព្យសម្បត្តិពលរដ្ឋម្នាក់តាមដងផ្លូវ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃសុក្រ ៩រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ ប្រព្រឹត្តនៅចំណុចមុខមជ្ឃមណ្ឌលទួលគោក ដែលមានទីតាំងដីឡូត៍លេខ ៥២ ផ្លូវលេខ៣១៥ ក្រុមទី៣០ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ខាំឡ ខាំរី ហៅ ខាំរី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះលេខ ១១៩ ផ្លូវ លេខ១៩២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាក់ស្ដែងពីបទលួច មានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា (ឆក់កាបូបយួរដៃបណ្ដាលឲ្យជនរងគ្រោះដួលម៉ូតូ រងរបួសបាតដៃទាំងសងខាង, ក្បាលជង្គុងទាំងសងខាង , ប្រអប់ជើងទាំងសងខាង និងរលាត់ភ្លៅខាងស្ដាំ) ។ ចំណែកវត្ថុតាងចាប់យកមាន៖ ម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ស៊េរី 2014 ឡើងតែម2018 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FT- 0822 ដែល មានលេខតួ:121498 និងលេខម៉ាស៊ីន: 203066 (ជាម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាពជិះបិទគូទឆក់) ។រីឯជនរងគ្រោះឈ្មោះ ស៊ុំ សម្ផស្ស ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនលក់ថ្នាំពេទ្យ(UAS) ស្នាក់នៅផ្ទះលេខ១១ ផ្លូវលេខ២៧១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ សំភារ:បាត់បង់មាន៖កាបូបយួរដៃមួយពណ៌ខ្មៅ ក្នុងនោះមាន : ឡេបថបមួយគ្រឿងម៉ាក LENOVO , ទូរស័ព្ទដៃមួយគ្រឿងម៉ាក ONE Plus , លុយចំនួន២៥០$ (ពីររយហាសិបដុល្លារសហរដ្ឋអាមេរិក) , អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មួយសន្លឹក , កាតATM មួយនិងកាតធានារ៉ាប់រងមួយ ។
គួររំលឹកផងដែរថា នៅថ្ងៃកើតហេតុខាងលើ នារីរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក Honda Scoopy ពណ៌ក្រហមខ្មៅពាក់ស្លាក លេខ ភ្នំពេញ 1AX-1491 ចេញពីផ្ទះក្នុងគោលបំណងទៅធ្វើការនៅក្រុមហ៊ុន (UAS) នៅជាប់ផ្សារTK សង្កាត់បឹងកក់ ទី១ លុះពេលជនរងគ្រោះជិះម៉ូតូមកដល់ចំណុចមុខមជ្ឃមណ្ឌលទួលគោក ផ្លូវ លេខ៣១៥ ក្រុមទី៣០ ភូមិ៧ សង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យឈ្មោះ ខាំឡ ខាំរី ហៅ ខាំរី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ និងបក្ខពួក៤នាក់ទៀតជិះម៉ូតូចំនួន០៣គ្រឿង ក្នុងនោះជនសង្ស័យឈ្មោះ ខាំឡ ខាំរី ជាជិះម៉ូតូបិទគូទពីខាងក្រោយ ភ្លាមនោះបក្សពួករបស់ជនសង្ស័យឈ្មោះ ខាំឡ ខាំរី បានធ្វើសកម្មភាពឆក់ កាបូបយួរដៃរបស់ជនរងគ្រោះដែលដាក់ នៅខាងមុខ បានសម្រេច បណ្ដាលឲ្យជនរងគ្រោះដួលម៉ូតូរបួស រួចហើយជនសង្ស័យជាបក្សពួកបានយកកាបូបយួររបស់ជនរងគ្រោះហើយជិះម៉ូតូគេចខ្លួនបាត់ ទៅ ចំណែកឯជនសង្ស័យឈ្មោះ ខាំឡ ខាំរី ហៅ ខាំរី ក៏ត្រូវបានកំលាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល បឹងកក់ ទី២ ដែលកំពុងល្បាតការសុវត្ថិភាព ក្នុងមូលដ្ឋាននៅក្បែរនោះឃើញសកម្មភាព បិទគូទជាក់ស្ដែង ក៏ជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ខាំឡ ខាំរី ជាអ្នកបិទគូទបាន០១នាក់ និងចាប់យកវត្ថុតាងម៉ូតូដែលជិះបិទគូទ រួចបញ្ជូនជនសង្ស័យរូបនេះយកមកកាន់អធិការដ្ឋានគរបាលខណ្ឌទួលគោក ចាត់ការតាម នីតិវិធីច្បាប់តែម្ដង ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ ខាំឡ ខាំរី ហៅ ខាំរី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធធនាគាព្រៃស កាលពីល្ងាចថ្ងៃទី៧ ខែកក្ដដា ឆ្នាំ២០១៨នេះ ៕ស តារា