ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបត់ឆ្វេងមិនប្រយ័ត្នត្រូវរថយន្ដបុកបណ្ដាលឲ្យរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់របួសធ្ងន់ និងស្រ្ដីម្នាក់របួសស្រាល ខណៈជិះម៉ូតូបត់ឆ្វេងមិនប្រយ័ត្នត្រូវរថយន្ដមួយគ្រឿងឈប់មិនទាន់បុក កាលពីវេលាម៉ោង៦និង១០នាទី ថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូមែត្រលេខ៣៧-៣៨ ស្ថិតក្នុងភូមិស្ពានថ្មី ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះរបួសធ្ងន់ឈ្មោះ យឹម ហ៊ី ភេទប្រុស អាយុ៥៩ឆ្នាំ ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម ១S-0656 រួមដំណើរជាមួយឈ្មោះ សុខ នី ភេទស្រី អាយុ៣៣ឆ្នាំ របួសស្រាល ។ ជនរងគ្រោះទាំង២នាក់មានទីលំនៅភូមិឈើស្ដុកធំ ឃុំតាំងក្រសាំង ស្រុកបារាយរណ៍ ខេត្តកំពង់ធំ ។ ចំណែករថយន្ដម៉ាក C.R.V ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2D-1122 បើកបរដោយឈ្មោះ អេង គីណាល់ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិសាលាកន្សែង ឃុំស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញម៉ូតូជនរងគ្រោះជិះក្នុងទិសដៅពីជើងទៅត្បូង លុះជិះមកដល់ចំណុចកើតហេតុបានបត់ឆ្វេងទៅទិសខាងកើត ភ្លាមនោះក៏មានរថយន្ដមួយគ្រឿងម៉ាក C.R.V ធ្វើដំណើរពីជើងទៅត្បូង ក៏ឈប់មិនទាន់ជាន់ហ្វ្រាំងមិនជាប់បានបុកម៉ូតូជនរងគ្រោះ បណ្ដាលឲ្យជនរងគ្រោះជាអ្នកជិះម៉ូតូទាំង២នាក់របួសធ្ងន់ម្នាក់និងស្រ្ដីម្នាក់របួសស្រាល ។ ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ រីឯមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបាននគរបាលជំនាញចរាចរណ៍ចុះវាស់វែង កសាងឯកសារយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា ករណីខាងលើនេះ គឺបណ្ដាលមកពីជនរងគ្រោះជាអ្នកជិះម៉ូតូបត់ឆ្វេងឆ្លងផ្លូវមិនប្រយ័ត្ន ទើបបានជារថយន្ដបុករងរបួសយ៉ាងដូច្នេះ ៕ ស្អាងជ័យ


ចែករំលែក៖