ភ្នំពេញ៖ រូបថតនៃការចូលរួមរបស់រដ្ឋមន្ត្រីក្រសួង ព័ត៌មាន លោក ខៀវ កាញារិទ្ធ ក្នុងកម្មវិធី ដែលរៀបចំដោយអ្នកសិល្បៈមួយហាក់បានបង្កប់អត្ថន័យជ្រៅសម្រាប់អ្នកសិល្បៈមកពិចារណា ។ ពិចារណា ព្រោះតែសម្តី និងពាក្យមួយល្បះនេះហាក់ចង់ដាស់អារម្មណ៍អ្នកសិល្បៈឲ្យពិនិត្យលើការប្រើប្រាស់ពេលវេលាឲ្យបានសមស្រប ។
រូបថតបង្ហាញពីការអង្គុយតុតែម្នាក់ឯង អមដោយពាក្យមួយល្បះថា ក្នុងកម្មវិធីគេដាក់ថាម៉ោង ៤ ដល់ ៤ កន្លះ គណអធិបតីអញ្ជើញដល់ ក៏សំរេចថាទៅដល់ម៉ោង ៤ កន្លះ ជាលទ្ធផលគេអោយមួយតុម្នាក់ឯង ។ ការបង្ហោះនេះធ្វើឡើងមួយក្រោយពីរដ្ឋមន្ត្រីក្រសួងព័ត៌មានបានអញ្ជើញទៅចូលរួមពិធីជប់លៀងជួបជុំសិល្បករនៃពិធីខួបគម្រប់២ឆ្នាំនៃការបង្កើតក្រុមសិល្បករឈ្មោះថា គ្រួសារតារាកម្ពុជា នៅភោជនីយដ្ឋានមួយកាលពីល្ងាចថ្ងៃទី០៩ ខែកក្កដា កន្លងទៅ ។ ដោយសាររូបថត និងពាក្យមួយល្បះនេះបានបង្កើតឲ្យមានការចាប់អារម្មណ៍ខ្លាំងពីអ្នកលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលមានអ្នកចុចLike បញ្ចេញយោបល់ និងចែករំលែកជាច្រើន ។
អ្នកបានឃើញរូបថត និងឃើញពាក្យខាងលើស្ទើតែទាំងអស់សុទ្ធតែបង្ហាញពីអារម្មណ៍ហួសចិត្ត និងការទ្វេសប្រហែល និងមើលងាយពេលវេលារបស់សិល្បករ រហូតទុកឲ្យរដ្ឋមន្ត្រីអង្គុយចាំអ្នកសិល្បកររាប់រយនាក់ទៅវិញ ដែលខុសអំពីកម្មវិធីនានា ដែលភ្ញៀវចូលរួមត្រូវទៅអង្គុយរងចាំគណអធិបតីនោះ ។ សារខាងលើក៏អាចជាសារដាសតឿនក្រើនរំលឹកទៅដល់សិល្បករ ផលិតករ អ្នកផលិតកម្មវិធីឲ្យយកចិត្តទុកដាក់ខ្លាំងទៅលើពេលវេលាព្រោះតែពេលវេលាសុទ្ធតែមានតម្លៃ និងចូលរួមគោរពសិទ្ធិ និងការងារគ្នាទៅវិញទៅមកគ្រា ដែលការងារសិល្បៈទាំងអស់សុទ្ធតែមានការពាក់ព័ន្ធគ្នា ។
លោករដ្ឋមន្ត្រីក៏ទទួលបានការកោតសរសើរខ្លាំងផងដែរគ្រា ដែលចូលរួមកម្មវិធីខាងលើរហូតដល់ចប់ចុងចប់ដើមដល់ម៉ោង១១អាទ្រាតដោយមានការប្រគល់ពានរង្វាន់ ប័ណ្ណសរសើរ មេដាយដល់សិល្បករក្មេងចាស់ប្រុសស្រីរាប់រយនាក់ រួមទាំងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់អ្នកផលិតកម្មវិធីប្រមាណ២ពាន់ដុល្លារអាមេរិកផងដែរ ។
គួរបញ្ជាក់ដែរថាកន្លងមកមានផលិតករ និងសិល្បករជាច្រើនបានបង្ហាញពីអារម្មណ៍មិនសប្បាយចិត្តជាមួយនឹងសកម្មភាពមិនគោរពពេលវេលារបស់សិល្បករដូចគ្នា មួយចំនួនព្រោះតែការយឺតយ៉ាវនោះបានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ និងការងាររបស់ផលិតករ និងសិល្បករដទៃ៕ វឌ្ឍនា