ភ្នំពេញ ៖ ចិនពីរនាក់ ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យឯកជន បន្ទាប់ពីជិះម៉ូតូឌុបគ្នាឆ្លងផ្លូវមិនប្រយ័ត្ន ហើយត្រូវរថយន្តកូរ៉េដឹកត្រីបុកចំពីមុខយ៉ាងពេញទំហឹង កាលពីវេលាម៉ោង៣ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ១៤រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវ និងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវព្រះសុីសុវត្ថិ (ជួរផ្លូវមាត់ទន្លេ) កែង និងផ្លូវលេខ១១៨ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សាក្សីឲ្យដឹងថា បុរសចិនពីរនាក់ជិះម៉ូតូម៉ាកហុងដាគុបជ្រុង ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខស៊េរីចាស់ តាមបណ្ដោយផ្លូវលេខ១១៨ ពីលិចមកកើត ក្នុងល្បឿនលឿន ដល់ចំណុចកើតហេតុ បត់ឆ្វេងឆ្លងផ្លូវ មិនប្រយ័ត្ន ក៏មានរថយន្តកូរ៉េ១តោនកន្លះ ពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ 2A-2392 ដឹកត្រី ទិសដៅពីជើងមកត្បូង ល្បឿនលឿនដូចគ្នា បុកជាមួយម៉ូតូរបួសធ្ងន់ទាំង២នាក់តែម្តង ។
សមត្ថកិច្ចចុះមកទំនាក់ទំនងទៅជំនាញចរាចរណ៍វាស់វែងយករថយន្ត និងម៉ូតូទៅទុកនៅការិយាល័យនៃស្នងការដ្ឋាននគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ៕ ភារ៉ា ដង្កោ