ភ្នំពេញ៖ សេចក្តីជូនដំណឹងរបស់រដ្ឋបានរាជធានីភ្នំពេញបានបញ្ជាក់ថា រដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ ផ្អាកផ្គត់ផ្គង់ទឹក រយៈពេល៨ម៉ោង នៅក្នុងសង្កាត់កាកាបទី១ និងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ការផ្អាកផ្គត់ផ្គង់ទឹក ស្ថិតនៅក្នុងរយៈពេលខ្លីនេះ ដោយសារត្រូវកាត់បំពង់មេចេញចូលអាងតម្កល់ទឹកក្បាលដំរី ដើម្បីពង្វាងគេចបណ្តាញលូប្រអប់នៅផ្លូវលេខ 105K ឬផ្លូវតាំងកសាង ក្នុងខណ្ឌពោធិ៍សែនជ័យ។ បណ្តាញលូប្រអប់ដែលមានទំហំ ២ម៉ែត្រគុណនឹង២ម៉ែត្រ បានដាក់នៅក្នុងសាច់ផ្លូវរួចរាល់ហើយ ដោយតភ្ជាប់ពីមហាវិថីសហព័ន្ឋរុស្ស៊ី ដល់ប្រឡាយស្របផ្លូវរថភ្លើងតាំងកសាង ដើម្បីដោះស្រាយបញ្ហាទឹកលិច នៅមហាវិថីសហព័ន្ឋរុស្ស៊ី មុខព្រលានយន្តហោះ។
ការផ្អាកទឹកនេះ គឺចាប់ម៉ោង៨យប់ ថ្ងៃទី១១ ដល់ម៉ោង៤ទៀបភ្លឺ ថ្ងៃទី១២ កក្កដា ដែលមានទីតាំងនៅភូមិសាស្ត្រ តំបន់ខាងជើង -ខាងលិច និងខាងក្នុងព្រលានយន្តហោះ ដែលនឹងប៉ះពាល់ប្រជាពលរដ្ឋចំនួន ១០,២៧០គ្រួសារ នៅក្នុងសង្កាត់កាកាបទី១ និងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ៕