ព័ត៌មានទាន់ហេតុការណ៍៖

ហត់ហេវអស់កម្លាំងដេកស្លាប់យ៉ាងអាណោចអាធ័មក្បែរគុម្ពឫស្សី

ចែករំលែក៖

ខេត្តកំពង់ធំ៖ ប្រទះឃើញមនុស្សដេកស្លាប់កាលពីវេលាម៉ោង១៥និង១៥នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៨ មាននៅក្រោមម្លុបគុម្ពឫស្សីចំការចន្ទី ក្រោយផ្ទះឈ្មោះ សៀប រី ភេទស្រី ភូមិត្រពាំងចំបក់ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ប្រទះឃើញសាកសពដេកស្លាប់ក្នុងស្ឋានភាពហើបស្អុយដង្កូវសុីអស់ផ្ទៃមុខ និង សាច់លលាដ៍ក្បាល និង ប្រដាប់ភេទ សពឈ្មោះ យឹម ដារ៉ា ហៅ វិន ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិបញ្ញាជី ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ មុខរបរមន្ត្រីនគរបាលការិយាល័យប្រឆាំការជួញដូរមនុស្សខេត្តកពង់ធំ ។

តាមការបំភ្លឺពីបងស្រីបង្កើតឈ្មោះ យឹម ថាវីន បញ្ជាក់ថា សាកសពរូបនេះកន្លងមកផឹកស្រាច្រើនរហូតដល់មានជំងឺប៉ះពាល់ដល់សរសៃប្រសាទ ហើយពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ បានយកចេញពីពេទ្យខេត្តកំពង់ធំ ទៅព្យាបាលនៅផ្ទះគ្រូខ្មែរ ឈ្មោះ ពៅ ភេទស្រី ភូមិ ឃុំ កើតហេតុខាងលើ ហើយក៏បានរត់ចេញពីផ្ទះគ្រូនៅល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ គាត់បានតាមរកដែរតែរកមិនឃើញ រហូតមកដល់ថ្ងៃនេះទើបរកឃើញបានស្លាប់បាត់ទៅហើយ ។

កម្លាំងនគរបាលស្រុក ខេត្ត និងអាជ្ញាធរ មូលដ្ឋានបានចូលរួមពិនិត្យ មិនឃើញមានស្លាកស្នាមអ្វីឡើយ រួចសន្និដ្ឋានថា ស្លាប់ដោយហត់ហេវគ្មានបាយទឹក ។ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប៊ុនរិទ្ធី


ចែករំលែក៖