ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបទីតាំងលាក់ស្តុកឈើជាច្រើនកំណាត់ដែលឈ្មួញយកមកលាក់ទុកក្រោយលំនៅឋានពលរដ្ឋជនជាតិភាគតិចនៅស្រុកអូរយ៉ាដាវ

ចែករំលែក៖

ខេត្តរតនគីរី៖ ឈើជាច្រើនកំណាត់ ដែលឈ្មួញយកមកលាក់ទុក នៅក្នុងភូមិ ប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ត្រូវបាន កម្លាំងកងរាជអាវុហត្ថខេត្តសហការជាមួយអាវុធហត្ថស្រុកអូរយ៉ាដាវចុះទៅដល់ទីតាំងលាក់ស្តុកឈើនៅវេលាម៉ោង១១និង៤០ នាទីព្រឹកថ្ងៃពុធ ១៤រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ ទី១១ ខែកក្កដា ឆ្នាំ២០១៨ ហើយបានវាស់ វែង និងរាប់បានចំនួនឈើជាង៧០កំណាត់ ប្រភេទឈើសុក្រំដែលមានមុខកាត់០,១៥សង់ទីម៉ែត្រទៅដល់០,៣០សង់ទីម៉ែត្រ ប្រវែង០,១២សង់ទីម៉ែត្រ ។

បើតាមប្រភពពីប្រជាពលរដ្ឋ បងប្អូន ជនជាតិភាគតិចដែលរស់នៅក្នុងភូមិប៉ក់ធំ បានប្រាប់ថា កាលពីយប់ថ្ងៃទី៩ ខែកក្កដា នៅវេលាម៉ោង៣ជាងឈានចូលថ្ងៃទី១០ ខែកក្កដា មានរថយន្តសាំយ៉ុងដឹកឈើមកទម្លាក់ទុកជិតផ្ទះរបស់ពួកគាត់គឺមានចំនួនបីរថយន្តសាំយ៉ុង ហើយគាត់ខ្លាចមានបញ្ហា ព្រោះឃើញឈើមានចំនួនច្រើនក៏បាន ប្រាប់អ្នកសារព័ត៌មាន ហើយអ្នកព័ត៌មានបានរាយការណ៍ទៅមេបញ្ជាការកងរាជ អាវុធហត្ថខេត្តគឺលោក គឹម រស្មី លោកក៏ បានបញ្ជាកម្លាំងអាវុធហត្ថខេត្តនិងកម្លាំងអាវុធស្រុកអូរយ៉ាដាវចុះមកដល់ទីតាំង លាក់ស្តុកឈើភ្លាមៗតែម្ដង។

ឈើនេះរកម្ចាស់មិនឃើញទេហើយ ឈើទាំងនេះគឺសមត្ថកិច្ចយកមករក្សាទុកនៅទីបញ្ជាការកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវសិនរង់ចាំជំនាញមេព្រៃមកវាស់ វែងឲ្យដឹងចំនួនច្បាស់លាស់ដើម្បីយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្រុក អូរយ៉ាដាវតែម្ដង ៕ ហេង នរិន្ទ្រ


ចែករំលែក៖