ខេត្តប៉ៃលិនៈ គ្រឿងបំផ្ទុះចំនួន ១១គ្រាប់ និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត ត្រូវបានជនមិនស្គាល់មុខយកទៅដាក់ចោលនៅក្រោមស្ពានមួយកន្លែង ក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន ប៉ុន្តែសំណាងល្អត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលរកឃើញដោះយកចេញដើម្បីរក្សាសុវត្ថិភាពបានទាន់ ពេលវេលា ។
ប្រភពព័ត៌មានពីនគរបាលក្រុងប៉ៃលិនបានឲ្យដឹងថា សមត្ថកិច្ចនគរបាលមូលដ្ឋាន បានរកឃើញរំសេវគ្រឿងបំផ្ទុះចំនួន១២ គ្រាប់នេះ កើតឡើងនៅវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃ អង្គារ ១៣ រោច ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ ស្ថិតនៅក្រោមស្ពានមួយកន្លែងជិតវិហារខ្មែអ៊ិស្លាម (TV 39257-21878) ក្នុងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុង-ខេត្តប៉ៃលិន។
ប្រភពដដែលបានឲ្យដឹងទៀតថា មុនពេលកើតហេតុកម្លាំងប្រជាការពារភូមិបានដើរល្បាតតាមមូលដ្ឋាន និងគោលដៅសំខាន់ៗរបស់ខ្លួនហើយក្រោយមកមានប្រជាពលរដ្ឋដើររកត្បូងប្រាប់ថា ពួកគេប្រទះឃើញគ្រឿងផ្ទុះមួយចំនួន នៅក្រោមស្ពានមួយ។ ភ្លាមនោះប្រជាការពារបានរាយការណ៍ដល់សមត្ថកិច្ចចុះទៅត្រួតពិនិត្យ និងស្រាវជ្រាវភ្លាមៗ តែម្តង ។ក្រោយពេលទៅពិនិត្យដល់កន្លែងដែលជនល្មើសលាក់ទុកគ្រឿងបំផ្ទុះនោះ មន្ត្រីជំនាញបានរកឃើញមានគីបបំផ្ទុះចំនួន ១១គ្រាប់ រំសេវបំផ្ទុះ ២ដុំតូច ខែ្សយឺតបញ្ឆេះ ៤កំណាត់ប្រវែង ១,៧១សង់ទីម៉ែត្រ ធុងប្រេងនំសម្រាប់ដាក់គ្រឿងបំផ្ទុះមួយ និងថង់ប្លាស្ទិកវេចខ្ចប់គ្រឿងបំផ្ទុះផងដែរ។
តាមរបាយការណ៍របស់ស្នងការនគរបាលខេត្តប៉ៃលិន បានសន្និដ្ឋានថា ករណីប្រទះឃើញគ្រឿងបំផ្ទុះនៅក្រោមស្ពានក្នុងក្រុងប៉ៃលិននេះ គឺជនសង្ស័យរៀបចំផែនការក្នុងគោលបំណងបំផ្ទុះផ្តាច់ស្ពានខាងលើក្នុងចេតនាបង្កចលាចល អសន្តិសុខក្នុងសង្គមជាពិសេសក្នុងអំឡុងពេលយុទ្ធនាការ នៃការឃោសនាបោះឆ្នោតនេះតែម្តង។
បច្ចុប្បន្នវត្ថុតាងទាំងនេះ ត្រូវបានសមត្ថកិច្ចរឹបអូសយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ហើយ កម្លាំងជំនាញកំពុងបន្តស្រាវជ្រាវ ស៊ើបអង្កេត និងស្វែងរកមុខជនសង្ស័យដើម្បីចាប់ខ្លួន ឲ្យខាងតែបាន ៕ សហការី