ខេត្តបាត់ដំបង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង៤និង៥០នាទីរសៀល ថ្ងៃ ពុធ ១៤ រោច ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៥៧B ភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង
នគរបាលចរាចរ ស្រុកបាណន់ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ក្រហម ស៊េរីឆ្នាំ០១៥ ពាក់ស្លាកលេខ ប.ប1V-0787 ជិះដោយឈ្មោះ រិទ្ធិ គឹមហឹង ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្ស រស់នៅភូមិក្រពើកើតឃុំស្រុកកើតហេតុ បើកបរពីកើតទៅលិចក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុ បានជែងនឹងគោយន្ត មួយគ្រឿងនៅពីមុខក៏ជ្រុលទៅបុកម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ក្រហម ស៊េរីឆ្នាំ០១៨ គ្មានស្លាកលេខ ជិះដោយឈ្មោះ យឿង សុភ័ក្រ ភេទប្រុស អាយុ២២ឆ្នាំ(របួសធ្ងន់) រស់នៅភូមិធ្ងរ័ ឃុំចែងមានជ័យ ស្រុកបាណន់ បណ្តាលឲ្យឈ្មោះរិទ្ធិ គឹមហឹងស្លាប់នៅនឹងកន្លែងតែម្តង។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរ ស្រុកបាណន់ បានចុះទៅដល់កន្លែងកើតហេតុវាស់វែងនិងបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តភ្លាមៗ ។ ដោយឡែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត រង់ចាំការដោះស្រាយទៅតាមផ្លូវច្បាប់។ ចំណែកសាកសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើតាមប្រពៃណី ៕ សហការី