ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុន សែន ជួយថវិកាអតីតតារាចម្រៀងចាន់ សម័យ ១ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីមានការភ្ញាក់ផ្អើលនឹងស្ថានភាពជិវិតស្ថិតក្នុងសភាពលំបាក ដុនដាបរបស់តារាចម្រៀងចាន់ សម័យនោះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចជួយឧបត្ថម្ភតារាចម្រៀងរូបនេះ១ម៉ឺនដុល្លារអាមេរិក ។

យោងតាមការប្រកាសរបស់ប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ជាក់ថា តារាចម្រៀងចាន់ សម័យ ដែលកំពុងជួបបញ្ហាជីវភាព និងធ្លាក់ខ្លួនមានជំងឺប្រចាំកាយនោះទទួលបានការឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន ដែលជំនួយនេះ ត្រូវបានផ្តល់តាមរយៈលោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ។ ថវិកាក៏ត្រូវបានលោកហេងឡុងយកទៅប្រគល់ឲ្យតារាចម្រៀងរូបនេះផ្ទាល់នៅផ្ទះជួលនាសង្កាត់ជ្រោយចង្វាកាលពីថ្ងៃទី១២ ខែកក្កដានេះ ដោយមានវត្តមានសិល្បករមួយចំនួនចូលរួមផងដែរ ។

គួរបញ្ជាក់ដែរថា ម្ចាស់បទ”មិនស្រឡាញ់អូនមិនបាន” លោកចាន់ សម័យ បានបង្កើតឲ្យមានការភ្ញាក់ផ្អើលក្រោយពីមានការទម្លាយថា តារាចម្រៀងរូបនេះបានធ្លាក់ខ្លួនរស់នៅផ្ទះជួលដើរស្ទូចត្រីចិញ្ចឹមក្រពះ តាមមាត់ទន្លេ និងមានរបេងឆ្អឹងផងដែរ ។

តារាចម្រៀង ចាន់ សម័យ គឺជាតារាចម្រៀងប្រុសល្បីឈ្មោះខ្លាំងកាលពីអំឡុងជាងមួយទសវត្សរ៍មុន នៅផលិតកម្មព្រះវិហារគ្រា ដែលលោកបានច្រៀងបទចម្រៀងក្នុងភាពយន្តភាគចិនល្បីឈ្មោះមួយ ដែលគេហៅថា F4 នោះ ។

លោកក៏ធ្លាប់បានសាងស្នាដៃលើការងារសិល្បៈជាច្រើនរួមទាំងការចេញបម្រើការកម្សាន្តរបស់ប្រជាពលរដ្ឋខ្មែររស់នៅក្រៅស្រុកផងដែរប៉ុន្តែលោកបានបាត់មុខពីការងារសិល្បៈជាច្រើនឆ្នាំក្រោយពីធ្លាក់ខ្លួនក្រមានជំងឺប្រចាំកាយ និងមិនអាចចេញច្រៀងបានរហូតមានការទម្លាយលើបណ្តាញទំនាក់ទំនងសង្គមនាំឲ្យមានការភ្ញាក់ផ្អើលខ្លាំងដល់មហាជន និងអ្នករួមអាជីព ៕ វឌ្ឍនា


ចែករំលែក៖