ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីម្នាក់ទៀតហើយរងការបាញ់សម្លាប់នៅហ្វុីលីពីន

ចែករំលែក៖

អភិបាលរងនៅទីក្រុងភាគខាងត្បូង ប្រទេសហ្វុីលីពីន កាលពីថ្ងៃទី១១ ខែ កក្កដា ត្រូវបានខ្មាន់កាំភ្លើងជិះម៉ូតូបាញ់ សម្លាប់។ ការបាញ់សម្លាប់ខាងលើបានធ្វើឲ្យមន្ត្រីក្នុងតំបន់រងការធ្វើឃាតកើនឡើងដល់៤នាក់ហើយក្នុងរយៈពេលមិនដល់២សប្តាហ៍ផងនោះ។

មន្ត្រីដែលទើបតែរងការធ្វើឃាតមានឈ្មោះ Al Rashid Mohammad Ali ជា អភិបាលរង ក្រុង Sapa sapa ស្ថិតនៅក្នុង ខេត្ត Tawi-Tawi ។ មន្ត្រីប៉ូលិសក្នុងតំបន់បានឲ្យដឹថា លោកអាលីរងការបាញ់សម្លាប់ពេលកំពុងធ្វើដំណើរជាមួយភរិយានិងកូនស្រី។ កម្លាំងជំនាញកំពុងបើកការស្រាវជ្រាវ បញ្ជាក់ពីមូលហេតុឲ្យបានច្បាស់។

គិតទាំងការសម្លាប់នាពេលថ្មីនេះមានអភិបាល និងអភិបាលរងក្រុងដល់ទៅ១៦ រូបហើយ ដែលរងនូវការធ្វើឃាតចាប់តាំង ពីលោក ឌុយទែរតេឡើងកាន់តំណែង ប្រធានាធិបតីដឹកនាំប្រទេសកាលពីឆ្នាំ ២០១៦ ។ ក្នុងចំណោមមន្ត្រីរងការធ្វើឃាត មាន៤រូប ស្ថិតនៅក្នុងបញ្ជីសង្ស័យថាជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន។

ជុំវិញករណីឃាតកម្មនេះដែរ មេបញ្ជា ការប៉ូលិសប្រចាំទីក្រុង Zamboanga លោក Allan Nazaro បានអះអាងថា ប៉ូលិស មិនទាន់ អាចកំណត់ពីមូលហេតុនៅពីក្រោយការបាញ់សម្លាប់លោក Al Rashid Mohammad Ali ជាអភិបាលរងក្រុង Sapa-sapa ស្ថិតនៅក្នុងខេត្ត Tawi-Tawi នៃភាគ ខាងត្បូងប្រទេសហ្វុីលីពីន នៅឡើយទេ។ «យើងកំពុងតែបើកការស៊ើបអង្កេត ពីមូលហេតុនៅពីក្រោយអំពើឃាតកម្មនេះ»។ នេះជាការគូសបញ្ជាក់យ៉ាងខ្លីពីលោក Nazaro។

គួររំលឹកថា រាប់ទាំងលោក Al Rashid គឺមាន អភិបាលរងចំនួន១៦នាក់ហើយត្រូវបានសម្លាប់ គិតចាប់តាំងពីលោកឌុយទែរតេប្រកាសធ្វើសង្រ្គាមប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ក្រោយឡើងកាន់តំណែង ជាប្រធានាធិបតីហ្វុីលីពីន កាលពីឆ្នាំ ២០១៦៕ ម៉ែវ សាធី


ចែករំលែក៖