ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានស្ដីទី​នៃ​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ លោក ឯម សុគន្ធ បណ្ដោយ​ឲ្យ​មន្ត្រីក្រោមឱវាទ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្

ចែករំលែក៖

​ខេត្តកំពង់ស្ពឺ៖ ប្រធានស្ដីទី​នៃ​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ លោក ឯម សុគន្ធ ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា​កំពុង​ឃុបឃិត​បើកដៃ​ឲ្យ​មន្ត្រីក្រោមឱវាទ​ប្រមូល​លុយ​ពីបទ​ល្មើស​ព្រៃឈើ​យ៉ាង​គឃ្លើន ហើយ​មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ដែល​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​នោះទេ​។ ជាក់ស្ដែង​លោក ឯម សុគន្ធ បាន​ឃុបឃិត​បើកដៃ​ឲ្យ​មន្ត្រី​បរិស្ថាន ២​នាក់​ឈ្មោះ ហ៊ុល ម៉ា​រា និង​ឈ្មោះ ឈុន ឈា​ហេង ប្រើ​អំណាច​ប្រមូល​លុយ​ពី​ពលរដ្ឋ​និង​ក្រុម​ឈ្មួញ​ដែល​ដឹកជញ្ជូន​ឈើ​ពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ឆ្លងកាត់​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ស្រេច​តែ​អំពើ​ចិត្ត​។

ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ឯម សុគន្ធ ប្រធានស្ដីទី​នៃ​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ ទើប​លោក ហ៊ុល ម៉ា​រា និង​លោក ឈុន ឈា​ហេង ព្រមទាំង​បក្ខពួក​ម្នាក់ទៀត​ឈ្មោះ ឆេ ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​តែម្តង​។

ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​បទល្មើស​ដឹក​ជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​ព្រោះ​មន្ត្រី​បរិស្ថាន​និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​លើ្ម​ស​ឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ហ៊ុល ម៉ា​រា ​អនុប្រធាន​ការិយាល័យ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ និង​លោក ឈុន ឈា​ហេង ​ប្រធាន​កម្រង​នៃ​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ កំពុង​ប្រើ​តួនាទី​របស់ខ្លួន​ដើម្បី​ប្រមូល​លុយ​ពីបទ​ល្មើស​ព្រៃឈើ​យ៉ាង​គឃ្លើន​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ឆ្លងកាត់​ទឹកដី​ស្រុក​ឱ​រ៉ា​ល់ នៅតែ​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង​ពុំ​ការថយចុះ​នោះទេ​។​

​តាម​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​ដឹកឈើ​បន្តិចបន្តួច​យកមក​ជួសជុល​លំនៅដ្ឋាន​បាន​ឲ្យ​ដឹងថា រាល់​ការដឹក​អនុផល​ព្រៃឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ គឺ​ចៀស​មិន​ផុតពី​ការបង់​លុយ​ឲ្យ​ឈ្មោះ ហ៊ុល ម៉ា​រា និង ឈុន ឈា​ហេង នោះទេ​ប្រសិនបើ​ចង់​ចៀស​ផុតពី​ការបង្ក្រាប​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា សម្រាប់​គោយន្ត​១​គ្រឿង​ដែល​ដឹកឈើ​អារ​រួច​ប្រមាណ​២​ម៉ែត្រគូប​ត្រូវ​ឈ្មោះ ហ៊ុល ម៉ា​រា និង ឈុន ឈា​ហេង កម្រិត​ឲ្យ​បង់លុយ​៣​ម៉ឺន​រៀល ចំណែក​រថយន្ត​ដឹកឈើ​ត្រូវ​មន្ត្រី​បរិស្ថាន​ទាំង​២​នាក់​នេះ តម្រូវ​ឲ្យ​បង់លុយ​ក្នុង​មួយគ្រឿង​៥០០​ដុល្លារ​សម្រាប់​រថយន្ត​ធុន​តូច ហើយ​បើ​រថយន្ត​ធុន​ធំ​គឺ​ត្រូវ​បង់លុយ​រាប់ពាន់​ដុល្លារ​។ ក្នុង​មួយថ្ងៃៗ​មាន​គោយន្ត​និង​រថយន្ត​ដឹកឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ រាប់សិប​គ្រឿង​ចូលមក​ស្រុក​ឱ​រ៉ា​ល់ និង​ស្រុក​ថ្ព​ង់ ខេត្តកំពង់ស្ពឺ ដូច្នេះ​ឈ្មោះ ហ៊ុល ម៉ា​រា និង ឈុន ឈា​ហេង ប្រមូល​លុយ​បាន​យ៉ាងច្រើន​តាមរបៀប​ពុករលួយ​។​

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា សព្វថ្ងៃនេះ​ឈ្មោះ ហ៊ុល ម៉ា​រា និង ឈុន ឈា​ហេង កំពុង​ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​ពីបទ​ល្មើស​ព្រៃឈើ​យ៉ាង​គឃ្លើន​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤៤ ភូមិ​ជាំ ត្រង់ចំណុច​ផ្លូវបំបែក​តេ​ទឹក​ពុះ ឃុំ​តា​សាន ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ឈ្មោះ ហ៊ុល ម៉ា​រា និង ឈុន ឈា​ហេង តែង​ប្រើប្រាស់​រថយន្ត​ផ្ទាល់ខ្លួន​ដើម្បី​ប្រដេញ​គាប​យកលុយ​ពី​ម្ចាស់​គោយន្ត​ដឹកឈើ​និង​ម្ចាស់​រថយន្ត​ដឹកឈើ​ដោយ​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នោះទេ​។ សូម្បីតែ​ប្រជាពលរដ្ឋ​ដឹកអុស​បន្តិចបន្តួច​ក៏ត្រូវ​ឈ្មោះ ហ៊ុល ម៉ា​រា និង ឈុន ឈា​ហេង គាប​យកលុយ​ក្នុង​មួយ​គោយន្ត​៤០០០​ទៅ​៥០០០​រៀល​ដែរ ហើយ​បើ​ពលរដ្ឋ​ណា​ដឹក​បង្គោលរបង​ឬ​ដឹកឈើ​អារ​រួច​ត្រូវគេ​គាប​យកលុយ​រាប់សិប​ម៉ឺន​រៀល​។

បញ្ហា​នេះ​គឺជា​រឿង​ដែល​ក្រសួងបរិស្ថាន មិនគួរ​មើលរំលង​តទៅទៀត​ឡើយ ព្រោះ​មន្ត្រី​បរិស្ថាន ឈ្មោះ ហ៊ុល ម៉ា​រា និង ឈុន ឈា​ហេង កំពុង​ប្រើ​អំណាច​និង​តួនាទី​ប្រមូល​លុយ​ពីបទ​ល្មើស​ព្រៃឈើ​នៅក្នុង​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ យ៉ាង​ក្រអឺតក្រទម​ហើយ​បណ្ដោយ​ឲ្យ​បទល្មើស​កើតឡើង​កាន់តែ​ខ្លាំងក្លា​ជាង​មុន​ទៅទៀត​៕ ហេង សូរិយា


ចែករំលែក៖