ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានពលរដ្ឋនាំគ្នានិងម្ចាស់ផ្ទះចាប់ខ្លួនយកទៅប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ បន្ទាប់ពីជនសង្ស័យរូបនេះ បានមកលេងផ្ទះមិត្តភក្តិក៏បែកគំនិត ឆ្កឹះសោរទ្វារផ្ទះជួលគេពេលម្ចាស់មិននៅ ដើម្បីចូលលួចយកទ្រព្យសម្បត្តិ ត្រូវម្ចាស់គេមកវិញទាន់ឃើញសោរទ្វាររបើក ក៏ស្រែកផ្អើលឆោឡោ ដល់អ្នកជិតខាងនាំគ្នាចាប់ជាប់តែម្តង ។
ករណីឃាត់ខ្លួនចោរគាស់ផ្ទះខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤ល្ងាចថ្ងៃព្រហស្បតិ៍ ១៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចក្នុងផ្ទះជួលលេខ៨៩ ផ្លូវលំជាប់របងរោងចក្រអគ្គិសនីទី២ ក្រុម១ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពពីមន្រ្តីនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ចុង គឹមលាង ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅមិនពិតប្រាកដ មុខរបរមិនពិតប្រាកដ និងមានផ្ទុកសារធាតុញៀន ក្នុងទឹកនោម បន្ទាប់ពីធ្វើតេសទឹកនោមរួចហើយ ។ ចំណែកបុរសជាជនគ្រោះសុំមិនបញ្ចេញអត្តសញ្ញាណ មានអាយុប្រហែល៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខក្រុមហ៊ុនឯកជន ស្នាក់នៅ (ចំណុចកើតហេតុខាងលើ) ។ សម្ភារៈបាត់បង់រួមមាន អាយឌីចំនួន១គ្រឿង ,កាបូបលុយ១ ,កាបូបស្ពាយពណ៌ខ្មៅ ១ ដែលមានឯកសារប្រវត្តរូបការងារ-ល- ហើយត្រូវបានសមត្ថកិច្ចដកហូតយកបានវិញទាំងអស់ និងបានប្រគល់ជូនជនរងគ្រោះវិញ ។
តាមសម្តីជនរងគ្រោះជាម្ចាស់បន្ទប់ជួល បានឆ្លើយបំភ្លឺប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ រូបគាត់បានចេញពីបន្ទប់រួចចាក់សោរទ្វារបន្ទប់ធម្មតា រួចចេញទៅក្រៅបាត់ ដោយមិនដឹងថាមានគេលួចគេឆ្កឹះសោរទ្វារបន្ទប់ជួលរបស់គាត់ចូលរកមើលពេញបន្ទប់ និងលួចយកសម្ភារៈមួយចំនួនទៀត។ បន្ទាប់មក រូបគាត់ក៏បានត្រលប់មកបន្ទប់វិញ រួចឡើងទៅមើល ស្រាប់តែឃើញសោរទ្វាររបើក ក៏ស្រែកឆោឡោថាចោរ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងបានឃើញជនសង្ស័យ ហើយនាំគ្នាជួយចាប់បានភ្លាមៗតែម្ដង រួចរាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកនាំខ្លួនជនសង្ស័យយកទៅប៉ុស្តិ៍ដើម្បីសាកសួរនិងចាត់ការតាមច្បាប់ ។
បច្ចុប្បន្ន ជនសង្ស័យឈ្មោះ ចុង គឹមលាង ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោមឃាត់ខ្លួន ដើម្បីសាកសួរ រួចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ស តារា