ព័ត៌មានទាន់ហេតុការណ៍៖

ឆេះតូបលក់អីវ៉ាន់ ក្នុងផ្សារហ៊ុយ ឡេង ក្រុងសិរីសោភ័ណបង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ តូបលក់អីវ៉ាន់មួយ ខ្នងក្នុងផ្សារហ៊ុយឡេងបានរងការឆាបឆេះអស់ទាំងស្រុង ខណៈដែលម្ចាស់តូបចៀនពងត្រីឲ្យកូនញាំបាយដាក់ចង្ក្រានក្បែរដបសាំង ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅម៉ោងប្រមាណ១៩ និង៣៥នាទីថ្ងៃព្រហស្បតិ៍ ១៥រោច ខែបមឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

បើតាមអ្នកឃើញហេតុការណ៍បាននិយាយថា មុនដំបូង គេបានឃើញអណ្តាតភ្លើងបានឆាបឆេះឡើង ហើយបានឃើញបុរសជាម្ចាស់តូបបានរត់ចេញពីកន្លែងកើតហេតុរួចស្រែកឆោឡោឲ្យអ្នកជិតខាងជួយពន្លត់ភ្លើងដែលមានម្ចាស់ឈ្មោះយ៉ែ ម វិចិត្រ ហៅ ជាតិ អាយុ៤៨ឆ្នាំជាជនរងគ្រោះ ។
ក្នុងហេតុការណ៍នោះម្ចាស់តូបនិយាយថា រូបគាត់បានយកបង្រ្កានហ្គាសចៀនពងត្រីឲ្យកូនញាំបាយដោយដាក់នៅចម្ងាយមួយម៉ែត្រតូបសាំងដែលលោកតាំងលក់ ។ ខណៈដែលកំពុងតែចៀននោះស្រាប់តែអណ្តាតភ្លើងបានឆាបទៅដបសាំងឆេះឡើងតែម្តង ។ រាល់ទំនិញក្នុងតូបរួមទាំងលុយត្រូវភ្លើងឆេះគ្មានសល់លើកលែងតែលុយនៅសល់ខ្លះ ។ លុយប្រមាណជា៥លានរៀលត្រូវក្លាយជាចំណីព្រះអគ្គិ ។

សូមបញ្ជាក់ផងដែរថា នៅក្នុងហេតុការណ៍ឆាបឆេះនោះ លោកអភិបាលក្រុងសិរីសោភ័ណ លោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ ស្នងការរង លោកមេបញ្ជាការកងរាជអាវុធហត្ថក្រុង និងលោកអធិការនគរបាលក្រុងបានចុះមកដឹកនាំបញ្ជាផ្ទាល់ក្នុងការបាញ់ពន្លត់ដោយប្រើប្រាស់រថយន្តទឹកអស់ចំនួន២គ្រឿង ៕ សំ វិច្ឆិកា


ចែករំលែក៖