ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យ ៖ ដំណើរការឃោសនាបោះឆ្នោត១សប្តាហ៍ពុំមានបញ្ហាអ្វីកើតឡើងទេ

ចែករំលែក៖

ភ្នំពេញ ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)បានអះអាងថា ពុំមានបញ្ហាអ្វីកើតឡើងចំពោះដំណើរការឃោសនារក សំឡេងឆ្នោតរបស់បក្សនយោបាយក្នុង រយៈពេល១សប្តាហ៍កន្លងមកនេះចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ក្នុងពេលដែលគណបក្សប្រជាធិបេតេយ្យមូលដ្ឋាន(គ.ប.ម.)បានលើកឡើងថា មានការរារាំងពីអាជ្ញាធរនៅតាមមូលដ្ឋាន ។

អ្នកនាំពាក្យ គ.ជ.ប.រូបនេះបានថ្លែងក្នុង ពេលដឹកជញ្ជូនសន្លឹកឆ្នោតពីរោងពុម្ពទៅ រក្សាទុកនៅឃ្លាំងគ.ជ.ប.ស្ថិតនៅសង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវកាលពីថ្ងៃ សុក្រ ១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ២០១៨ថា “មិនមានបញ្ហាអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ។ ប៉ុន្តែបើពាក់ព័ន្ធនឹងពាក្យបណ្ដឹងវិញគឺខ្ញុំបានទទួលរបាយការណ៍ថាមានបណ្ដឹងចំនួន៤” ។

លោកបានបន្តថា បណ្ដឹងដែលទទួល បានរួមមាននៅខេត្តកំពតករណីសកម្មជនគណបក្សមួយបានពាក់អាវគណបក្សយកលុយទៅចូលបុណ្យសព ហើយសកម្មជន គណបក្សផេ្សងមួយទៀតឃើញក៏បានដាក់ពាក្យបណ្ដឹងដោយបានយល់ខុសថា សកម្ម ជនគណបក្សទៅចូលបុណ្យនោះយកលុយទៅទិញសន្លឹកឆ្នោតពីប្រជាពលរដ្ឋ តែ ករណីនេះត្រូវបានសកម្មជនបានដាក់ពាក្យបណ្ដឹងនោះដកវិញហើយ ។

លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា សម្រាប់បណ្ដឹង២ទៀតនៅខេត្តរតនគិរីគឺ មានគណបក្សមួយបានចាក់មេក្រូក្នុងទីសាធារណៈដោយមិនបានសុំការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន(ផ្លូវច្បាប់បើសិនទីកន្លែងនោះជាទីឯកជនត្រូវមានការយល់ព្រមពីម្ចាស់ ប៉ុន្តែបើសិនជាទីកន្លែងនោះជារបស់ សាធារណៈគណបក្សត្រូវសុំអនុញ្ញាតពី អាជ្ញាធរ)។ ក្នុងករណីនេះខាងគណបក្ស នោះមិនបានសុំការអនុញ្ញាតពីអាជ្ញាធរទេ តែចាក់យកតែម្ដងធ្វើឲ្យប៉ះពាល់ និងរំខាន ដោយសំឡេង។ ចំណែកនៅខេត្តតាកែវ វិញមានករណីគប់ដុំថ្មទៅលើឧករណ៍បំពងសំឡេងទៅលើគណបក្សនយោបាយមួយ ទៀត ។

បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ.ប.ម.)បានឲ្យដឹងថា គណបក្សប្រជា ធិបតេយ្យមូលដ្ឋានមានការសោកស្តាយ ចំពោះទង្វើ និងឥរិយាបថរបស់ប្រជាការពារនៅភូមិរូង ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបងដែលបានរារាំងក្រុមការងាររបស់បក្សមិនឲ្យចែកខិត្តប័ណ្ណឃោសនា, អាជ្ញាធរខេត្តរតនគិរីបានតាមដានក្នុងរូប ភាពគំរាមកំហែងដល់សកម្មជន គ.ប.ម. ដែលដើរចែកខិត្តបណ្ណឃោសនា និងនគរ បាលចរាចរនៅរាជធានីភ្នំពេញពុំផ្តល់ការសហការល្អក្នុងការសម្រួលចរាចរណ៍ពេលហែក្បួនឃោសនាកាលពីថ្ងៃទី១០ ខែ កក្កដា ។

សម្រាប់ប្រជាពលរដ្ឋមើលឃើញថា ការឃោសនារបស់គណបក្សនយោបាយ ទាំងអស់មិនមានការរំខាន ឬបង្កភាពអនាធិបតេយ្យណាមួយកើតឡើងនោះទេ បើទោះជាមានការប្រើប្រាស់ឧបករណ៍បំពងសំឡេងក្តី ។

ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយចំនួន២០គណបក្សសម្រាប់ ការបោះឆ្នោតនីតិកាលទី៦នេះកំពុងដំណើរ ទៅធម្មតា និងមិនមានបាតុភាពអ្វីកើតឡើងនោះឡើយ។ ក្នុងនោះប្រជាពលរដ្ឋដែល រស់នៅក្នុងរាជធានីភ្នំពេញសង្កេតឃើញថា ការឃោសនាប៉ុន្មានថ្ងៃនេះមិនមានការរំខាន ឬប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់ទេបើទោះជាមានការដង្ហែក្បូន ព្រម ទាំងចាក់ឧបករណ៍បំពងសំឡេងដើម្បី ផ្សព្វផ្សាយពីគោលនយោបាយគណបក្ស របស់ខ្លួនក្តី ។

យោងតាមកាលវិភាគរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ គ.ជ.ប.បានឲ្យដឹងថា យុទ្ធនាការឃោសនា រកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦មានរយៈពេល២០ថ្ងៃចាប់ពីថ្ងៃទី៧ ខែកក្កដា ដល់ថ្ងៃទី២៧ ខែកក្កដា ៕ ហេង សូរិយា


ចែករំលែក៖