ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត ពីរគ្រឿងបុកគ្នាលាន់ដូចរន្ទះ ម្ចាស់ប្រកែករកត្រូវរៀងខ្លួន

ចែករំលែក៖

ខេត្តកណ្ដាលៈ រថយន្ត Highlander ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ បានពន្លះរថយន្ត Fortuner លាន់ដូចរន្ទះ បណ្ដាលឲ្យរងការខូចខាតរថយន្តទាំងសងខាងយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្សនោះទេ គ្រាន់តែបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកដំណើរចោមរោមមើលប៉ុណ្ណោះ។

នគរបាលចរាចរ ក្រុងតាខ្មៅបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតមានឡើងនៅវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃ សុក្រ ១ កើត ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ត្រង់ចំណុចផ្លូវបំបែកជាបួន ស្តុបជិតវត្តក្រពើហា ស្ថិតក្នុងសង្កាត់ព្រែករស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។

បើតាមសម្ដីម្ចាស់រថយន្ត Fortuner ពាក់ស្លាកលេខ កណ្ដាល 2A-6566 បានរៀបរាប់ប្រាប់សមត្ថកិច្ច ថា នៅមុនពេលកើតហេតុ គាត់បានបើករថយន្តដឹកក្រុមគ្រួសារ៣នាក់ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ពីកើតទៅលិចក្នុងល្បឿនធម្មតា។ លុះមកដល់ចំណុចផ្លូវបំបែកជាបួន ត្រង់ស្តុបវត្តក្រពើហា គាត់ឃើញភ្លើងស្តុបពណ៌បៃតង ទើបបើកបន្តដំណើរទៅមុខទៀត តែពេលនោះ ស្រាប់តែមានរថយន្ត Highlander មួយគ្រឿងទៀត ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ02 2-3342 បើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុង ទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលមកបុករថយន្តរបស់គាត់ពេញទំហឹងតែម្ដង តែមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ។ ភ្លាមៗនោះ អ្នកបើកររថយន្ត Highlander បានព្យាយាមបើកថយក្រោយទៅអែបនៅក្បែរចិញ្ចើមផ្លូវ ទើបគាត់ចុះពីលើរថយន្តប្រកែករកត្រូវរៀងខ្លួន បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងអ្នកដំណើរចុះមកចោមរោមមើលទាំងយប់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ បានចុះមកកន្លែងកើតហេតុ ហើយឲ្យភាគីរថយន្តទាំងសងខាងធ្វើការសម្របសម្រួលគ្នាសិន តែដោយសម្រុះសម្រួលគ្នាមិនត្រូវ ទើបសមត្ថកិច្ចជំនាញធ្វើការវាស់វែង រួចយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅរង់ចាំភាគីទាំងសងខាងដោះស្រាយបន្តតាមផ្លូវច្បាប់ពេលក្រោយ ៕ ស្អាងជ័យ


ចែករំលែក៖