ខេត្តកណ្ដាលៈ មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូហុងដា Dream និងម៉ូតូធំ SL ដោយសារតែបើកជែងគ្នាក្នុងល្បឿនលឿនដូចគ្នា ក៏ជ្រុលទៅបុកគ្នាពេញទំហឹងបណ្តាលឲ្យ បុរស២នាក់ បោកក្បាលនឹងថ្នល់រងរបួសធ្ងន់សន្លប់ស្ដូកស្ដឹង ។
នគរបាលចរាចរក្រុងតាខ្មៅបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃ សុក្រ ១ កើត ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះ នៅតាមបណ្ដោយផ្លូវ២១B ត្រង់ចំណុចមុខហាងនំប៉័ង ហេងចេង ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ប្រភពដដែលបានឲ្យ ដឹងទៀតថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ បាត់ដំបង 1V-5191 ធ្វើដំណើរតាមបណ្ដោយផ្លូវ២១B ពីជើងទៅត្បូងក្នុងល្បឿនលឿន។ លុះមកដល់កន្លែងកើតហេតុ គេក៏បានបើកជែងខាងឆ្វេងម៉ូតូ ដែលធ្វើដំណើរស្របទិសគ្នា ស្រាប់តែមានបុរសម្នាក់ ជិះម៉ូតូធំម៉ាកហុងដា SL ពណ៌ស ធ្វើដំណើរពីត្បូងទៅជើងវិញ ក្នុងល្បឿនលឿនដូចហោះ ហើយបានជែងខាងឆ្វេងដូចគ្នា ក៏បុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យបុរសទាំង២នាក់ ដួលបោកក្បាលនឹងថ្នល់រងរបួសធ្ងន់ធ្ងរ សន្លប់ស្ដូកស្ដឹងទាំងសងខាង។
បន្តិចក្រោយមក រថយន្តគិលានសង្គ្រោះគ្លីនិកឯកជន សុខលាភ មេត្រី មកដល់កន្លែងកើតហេតុ ដោយប្រញ៉ាប់ប្រញ៉ាល់ពេកអ្នកសង្រ្គោះមិនបានយកហ្វ្រង់ការមកលើកជនរងគ្រោះដាក់លើទេ បែរជាយកកៅស៊ូតង់ដាក់ក្រាលលើថ្នល់ រួចលើកជនរងគ្រោះដាក់ ហើយហៅប្រជាពលរដ្ឋនៅកន្លែងកើតហេតុជួយសែងអ្នករងរបួសធ្ងន់ធ្ងរនោះ ទៅដាក់លើរថយន្តគិលានសង្គ្រោះ។ ចំណែកអ្នករបួសធ្ងន់ម្នាក់ទៀត គឺហៅប្រជាពលរដ្ឋជួយកាន់ដៃកាន់ជើង សែងទៅដាក់លើរថយន្តគិលានសង្គ្រោះនោះជាមួយគ្នាដឹកយកទៅសង្រ្គោះនៅឯគ្លីនិកឯកជន សុខលាភ មេត្រី ម្ដុំសង្កាត់បឹងកេងកងទ១ ខណ្ឌចំការមន។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុ រួចវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ រង់ចាំក្រុមគ្រួសារភាគីទាំងសងខាង ចូលមកដោះស្រាយគ្នាតាមក្រោយ៕ ស្អាងជ័យ