ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស៊ីសប្បាយក្លាយជាទុក្ខ ស្រវឹងរៀងខ្លួនទំនាស់ពាក្យសម្តីកើតហិង្សាដាក់គ្នា នារីម្នាក់របួសរយះក្បាលត្រូវសង្សារបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ ដោយសារតែគ្រឿងស្រវឹង បានធ្វើយុវជនប្រុសស្រី២ក្រុម ផឹកស៊ីខាងមុខបន្ទប់ក្បែរគ្នាយ៉ាងសប្បាយរីករាយរហូតស្រវឹងជោកជាំរៀងៗខ្លួន បង្កើតជាពាក្យសម្តីឈ្លោះប្រកែកគ្នាទៅវិញទៅមករហូតដល់ការប្រើអំពើហិង្សា បណ្តាលឲ្យនារីម្នាក់រងរបួសរយះក្បាល ហើយត្រូវបានសង្សារដឹកតាមម៉ូតូទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈភ្លាមៗ ។

ករណីហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចបន្ទាប់ជួលអត់លេខមួយកន្លែង ក្បែរសាលាសង្កាត់ទឹកល្អក់ទី១ ផ្លូវ១៣២Z ស្ថិងក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។

នារីរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ មានអាយុប្រហែល២០ជាង ជាអ្នកចម្រៀងឃោសនាបក្សប្រចាំនៅសាលាសង្កាត់ទឹកល្អក់ទី១ ស្នាក់នៅទីតាំងកើតហេតុខាងលើ បច្ចុប្បន្នរងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោងប្រហែល៧យប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ មុនឈានចូលថ្ងៃកើតហេតុ គេឃើញនារីរងគ្រោះបានអង្គុយផឹកស៊ីជួបជុំមិត្តភក្តិប្រុសស្រី ព្រមទាំងសង្សារបស់នាងដែលមានគ្នាជិត១០នាក់ ដោយផឹកស៊ីយ៉ាងសប្បាយរីករាយនៅខាងមុខបន្ទាប់របស់នារីរងគ្រោះ ។ ហើយស្របពេលនោះដែល បន្ទប់ជួលមួយទៀតដែលនៅទល់មុខនោះ ក៏មានយុវជនប្រុសស្រីមួយក្រុមផ្សេងទៀតមានគ្នាប្រមាណជាង១០នាក់កំពុងអង្គុយផឹកស៊ីដែរ ។ ស្រាប់តែមួយសន្ទុះក្រោយមក ការផឹកស៊ីរបស់ភាគីខាងនារីរងគ្រោះខាងលើនៅតែបន្តការសប្បាយនិងជជែកគ្នាលេងជាធម្មតា តែដោយឡែកភាគីម្ខាងទៀតដែលនៅទល់មុខនោះហាក់ដូចជាមានការនិយាយឌឺដងផ្លែផ្កានិងយកសំបកដបស្រាបៀគប់បំបែកសំបកដបពេញផ្លូវ ។

ប្រភពដដែលបន្តថា លុះដល់ពេលកើតហេតុដល់វេលាកើតខាងភាគីនារីរងគ្រោះក៏បានបញ្ចប់ការផឹកស៊ី ហើយបាននាំគ្នាដើរចេញពីកន្លែងបន្ទប់ផឹក គោលបំណងទៅច្រៀងខារ៉ាអូខេបន្តទៀតដែលនៅសាលាសង្កាត់ទឹកល្អក់ទី១ ។ ខណៈនោះស្រាប់តែភាគីម្ខាងបង្កហេតុដែលកំពុងនៅទល់មុខបន្ទប់ជួលនារីរងគ្រោះ បានស្ទុះមកវាយភាគីខាងនារីរងគ្រោះដោយប្រដាប់ទៅដោយដំបង បណ្តាលចំក្បាលនារីរងគ្រោះ បែកក្បាលរយៈហូរឈាមប្រឡាក់ពេញខ្លូនបង្កការភ្ញាក់ផ្អើលតែម្តង ។ បន្ទាប់មកក្រុមជនបង្ក បាននាំគ្នាជិះរត់គេចខ្លួនបាត់ស្រមោល ចំណែកម្ចាស់បន្ទប់ជួលដែលផឹកស៊ីជាមួយក្រុមជនបង្កនោះ ក៏បានបិទទ្វារបន្ទប់ចូលដេកបាត់ទៅ ។

ក្រោយកើតហេតុនារីរងគ្រោះ ត្រូវបានបុរសជាសង្សារដឹកតាមរថយន្តយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យព្រះកុសុមៈ រង់ចាំទៅដាក់ពាក្យបណ្តឹងនៅពេលក្រោយ ៕ ស តារា


ចែករំលែក៖