ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលបង្រ្កាបក្រុមជនសង្ស័យ៤នាក់ជាមុខសញ្ញាប្លន់យ៉ាងសកម្មនៅស្រុកស្អាង

ចែករំលែក៖

ខេត្តកណ្ដាលៈ ក្រុមជនសង្ស័យជាមុខសញ្ញាប្លន់យកម៉ូតូយ៉ាងសកម្ម៤នាក់ក្នុងចំណោមបក្ខពួក៧នាក់ ត្រូវបាននគរបាលស្រុកស្អាងបង្រ្កាបជាបន្ដបន្ទាប់ ក្រោយពីក្រុមជនសង្ស័យខាងលើបានធ្វើសកម្មភាពលួចម៉ូតូកាលពីវេលាម៉ោងយប់ថ្ងៃសៅរ៍ ២កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្ដកណ្ដាល ។
ប្រតិបត្ដិការខាងលើនេះដឹកនាំដោយលោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង និងមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល ដោយមានការសម្របសម្រួលពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដ ។

លោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានឲ្យដឹងថា ក្រុមជនសង្ស័យសរុបទាំងអស់មានគ្នា៧នាក់ និងចាប់ខ្លួនបាន៤នាក់ ទី១-ឈ្មោះ រិន វ៉ាន់ឌី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិលេខ១ក ឃុំស្វាយរលំ ស្រុកស្អង ខេត្តកណ្ដាល ទី២-ឈ្មោះ ខៀវ គីមឡុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិព្រែកសំរោង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ទី៣-ឈ្មោះ លីម គីមទ្រី ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតមានទីលំនៅភូមិក្រពើហាលិច សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល និងទី៤-ឈ្មោះ បូរី គឹមហំ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល រីឯក្រុមជនសង្ស័យ៣នាក់ទៀតរត់គេចខ្លួន ទី១-ឈ្មោះ រស្មី វិសាល ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ទី២-ឈ្មោះ រឿន ដារ៉ុង ភេទ ប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ និងទី៣-ឈ្មោះ ពន្លឺ ហៅតឿ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្រុងតាខ្មៅ ។ ចំណែកជនរងគ្រោះឈ្មោះ ខ្វែក សុភ័ក្រ្ដ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់ដេរ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។ ដោយឡែកវត្ថុតាងដកហូតបានមាន៖ ម៉ូតូ២ គ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០០៩ ឡើងតែម២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង 1A-8303 និងមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នា២០១៥ (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព) ,ទូរសព្ទ័ដៃ១គ្រឿងផងដែរ ។

លោកអធិការបានបន្ដថា នៅមុនពេលកើតហេតុថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ជនរងគ្រោះឈ្មោះ ខ្វែក សុភ័ក្រ្ដ បានជិះម៉ូតូរបស់ខ្លួនម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៨ តាមបណ្ដោយផ្លូវជាតិលេខ២១Aដោយម្នាក់ឯង ខណៈកំពុងតែជិះមកដល់ចំណុចកើតហេតុស្រាប់តែមានក្រុមជនសង្ស័យខាងលើជិះម៉ូតូ៣គ្រឿង ដេញតាមវាយជនរងគ្រោះរហូតមកដល់ភូមិព្រែកត្រែង ឃុំសិត្បូ ធ្វើឲ្យជនរងគ្រោះភិតភ័យយ៉ាងខ្លាំងក៏ដួលម៉ូតូ ភ្លាមនោះជនរងគ្រោះស្រែកថាចោរៗទើបមានប្រជាពលរដ្ឋជិតខាងចេញមកជួយ ខណៈនោះក្រុមជនសង្ស័យក៏បានឡើងជិះម៉ូតូគេចខ្លួនដោយបន្សល់ទុកម៉ូតូចំនួន១គ្រឿងនៅកន្លែងកើតហេតុជារបស់ជនសង្ស័យ វ៉ាន់ឌី ។ ខណៈនោះក៏បានរាយការណ៍ទៅកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសិត្បូ ដោយសហការណ៍ជាមួយកម្លាំងផ្នែកព្រហ្មទ័ណ្ឌស្រុកស្អាង បានយកម៉ូតូរបស់ជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីស្រាវជ្រាវរកជនសង្ស័យ ។

លោកអធិការបន្ដទៀតថា បន្ទាប់ពីស្រាវជ្រាវរួច លោកបានកំណត់មុខសញ្ញា រហូតចាប់ខ្លួនជនបានម្នាក់ឈ្មោះ រិន វ៉ាន់ឌី យកមកសាកសួរ ។ ក្រោយពីសាកសួររួច លោកអធិការក៏បានសុំការអនុញ្ញាតិពីលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដ និងមានការសម្របសម្រួលពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋានក្រុងតាខ្មៅ និងកម្លាំងការិយាលយ័ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងកានគរបាលខេត្តកណ្ដាល បានបើកប្រតិបត្ដិការឃាត់ខ្លួនមុខសញ្ញាជនសង្ស័យចំនួន៣នាក់បន្ថែមទៀតយកមកអធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៤នាក់បានសារភាពថា ពួកគេទាំង៤នាក់និង៣នាក់ទៀតរត់គេចខ្លួន ពិតជាបានធ្វើសកម្មភាពដេញវ៉ៃនិងប្លន់យកម៉ូតូជនរងគ្រោះខាងលើពិតប្រាកដមែន កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ២៤ នៅចំនុចភូមិ/ឃុំ ។ ក្រុមជនសង្ស័យបានសារភាពបន្ថែមទៀតថា កន្លងមកក្នុងអំឡុងខែមេសា ,ខែមិថុនា និងខែកក្កដា ឆ្នាំ២០១៨ នៅចន្លោះម៉ោង២៣និងម៉ោង១យប់ ក្រុមរបស់ពួកគេទាំង៧នាក់ធ្លាប់ធ្វើសកម្មភាពវ៉ៃ និងគប់ដុំថ្មប្លន់យកម៉ូតូចំនួន៧លើក ក្នុងនោះមិនបានសំរេចចំនួន២លើក និង បានសំរេចចំនួន៥លើក ដោយបានម៉ូតូចំនួន៥គ្រឿង ម៉ាកZOOMER ២គ្រឿង ,ហុងដាស្កុបពី ១គ្រឿង និងម៉ូតូហុងដាឌ្រីមចំនួន២គ្រឿងផងដែរ ខណៈដែលក្រុមរបស់ខ្លួនលួចបានហើយ ពួកខ្លួនបានយកម៉ូតូនោះទៅលក់ឲ្យមនុស្សប្រុសម្នាក់មិនស្គាល់អត្ដសញ្ញាណ នៅតាមផ្លូវម្ដុំបឹងត្របែក រាជធានីភ្នំពេញ។

បច្ចុប្បន្ន ក្រុមជនជនសង្សយ័ទាំង៤នាក់ខាងលើ ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្អាង កំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ដ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖