ខេត្តក្រចេះ៖ អភិបាលខេត្តក្រចេះ លោក វ៉ា ថន បានឲ្យដឹងថា ករណីពុលសារធាតុមេតាណុលនៅក្នុងស្រាស នៅភូមិស្នួលវត្តកើត និងភូមិស្នួលវត្តលិច ឃុំស្នួល ស្រុកស្នូល ខេត្តក្រចេះ មានអ្នកស្លាប់ចំនួន០៣នាក់ ស្រី០២នាក់ និងចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៦២នាក់ ស្រីចំនួន១៩នាក់។
លិខិតរបស់រដ្ឋបាលខេត្តក្រចេះ ផ្ញើជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានបញ្ជាក់់ថា ផ្អែកតាមការអង្កេតរបស់ក្រុមការងារឆ្លើយតបបន្ទាប់របស់មន្ទីរសុខាភិបាលខេត្ត ពុំបានរកឃើញភ័ស្ដុតាងដែលគួរឲ្យសង្ស័យថាអ្នកឈឺ និងអ្នកស្លាប់មានការចម្លងជំងីពីសត្វមកមនុស្ស ឬជំងឺផ្សេងៗ ការពុលចំណីអាហារ ឬការពុលសារធាតុគីមីផ្សេងៗទេ។ ជាការសន្និដ្ឋាន ផ្អែកលើរោគសញ្ញា និងទិន្នន័យអង្កេតអ្នកស្លាប់ និងអ្នកជំងឺអាចបណ្ដាលមកពីការពុលសារធាតុមេតាណុលក្នុងស្រាស។
បើតាមរដ្ឋបាលខេត្តក្រចេះ អ្នកស្លាប់ និងឈឺចូលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្នួល មន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យកាល់ម៉ែត ដោយសារពួកគាត់មានអាការ ថប់ដង្ហើម វិលមុខ ស្រវាំងភ្នែក និងអស់កម្លាំង។
សូមរំលឹកថា ហេតុការណ៍ពុលស្រាសមានសារធាតុមេតាណុលនេះ កើតឡើងនៅយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិស្នួលកើត ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។ ក្រោយកើតហេតុភ្លាម ក្រុមការងារជំនាញ នៃក្រសួងសុខាភិបាល បានចុះទៅធ្វើការស៊ើបអង្កេត និងស្រាវជ្រាវនៅកន្លែងកើតហេតុផងដែរ៕