ភ្នំពេញ៖ រថយន្ដធុនធំ៣គ្រឿង បានបើកបុកបន្តកន្ទុយគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្ត២គ្រឿងរងការខូចខាតខ្ទេចមួយកំណាត់មុខយ៉ាងដំណំ ចំណែកមួយគ្រឿងទៀតរងការខូចខាតបន្តិចបន្តួច ហើយមិនចង់មានរឿងវែងឆ្ងាយក៏បើកចេញទៅបាត់ស្រមោល និងបង្កការកក់ស្ទះចរាចរផងដែរ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃចន្ទ ៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ ស្ថិតនៅតាមផ្លូវទំបន់កប់ស្រូវ ភូមិទួលសំពៅ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
រថយន្តដែលខូចខាតធ្ងន់ធ្ងរចំនួន២គ្រឿងនោះ ទី១ម៉ាក HINO ពណ៌ទឹកបុិច ពាក់ស្លាកលេខព្រះសីហនុ 3A-3621 បើកដោយឈ្មោះ ចាបអឿន ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅស្រុកបាធាយ ខេត្តកំពង់ចាម រងការខូចខាតមួយកំណាត់មុខដូចគ្នា ។ ទី២រថយន្ដចង្កូតស្តាំម៉ាក HINO ពាក់ស្លាកលេខ PP-2625 បើកបរដោយបុរសឈ្មោះ អុន ប្រុស អាយុ២២ឆ្នាំ ស្នាក់នៅខេត្តកំពង់ស្ពឺ ។រីឯរថយន្ដរងគ្រោះទី៣ ដោយសារតែរងការខូចខាតបន្តិចបន្តួច ហើយមិនចង់មានរឿងវែងឆ្ងាយ បានបើកចេញពីកន្លែងកើតហេតុបាត់ស្រមោល ។
យោងតាមសម្តីបុរសម្នាក់ឈ្មោះ អុន ប្រុស អាយុ២២ឆ្នាំ ជាអ្នកបើកបររថយន្ដចង្កូតស្តាំ ពាក់ស្លាកលេខ PP-2625 បានឲ្យដឹងថា ក្នុងករណីគ្រោះថ្នាក់ចរាចរនេះ ធ្វើឲ្យរថយន្តធុនធំ៣គ្រឿងរងការខូចខាតខ្ទេច ហើយក្នុងចំណោមរថយន្ដរងគ្រោះទាំង៣ មានរថយន្តមួយគ្រឿងដែលនៅខាងមុខគេ បានបើកចេញទៅបាត់ស្រមោល ដោយសារតែមិនមានរងការខូចខាតបន្តិបន្តួចនិងមិនចង់មានរឿងវែងឆ្ងាយ ។ ហើយមុនពេលកើតហេតុ គាត់បើកក្នុងទិសដៅពីកើតទៅលិច ស្របទិសគ្នាទាំង៣គ្រឿង តាមផ្លូវទំនប់កប់ស្រូវ ខណៈមកដល់ចំណុចកើតហេតុ ដោយសារស្ថានភាពផ្លូវស្ទះផងនោះ ទើបជាន់ហ្វ្រាំងបញ្ឈប់រថយន្ត ស្រាប់តែមានរថយន្ត១គ្រឿងទៀតម៉ាក HiNO ដូចគ្នា ពាក់ស្លាកលេខព្រះសីហនុ 3A-3621 ដែលបើកដោយបុរសម្នាក់ឈ្មោះ ចាបអឿន មកបុករថយន្តគាត់ចំពីខាងក្រោយ បណ្តាលឲ្យរុលចង្កូតទៅបុករថយន្ត១គ្រឿងទៀត ដែលនៅពីខាងមុខរងការខូចខាតតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញ សហការជាមួយសមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍គោករការ ខណ្ឌព្រែកព្នៅ បានធ្វើការសម្របសម្រួលឲ្យភាគីរថយន្ដទាំង២ចចារគ្នាមិនត្រូវ ទើបសម្រេចនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរខណ្ឌ បណ្តោះអាសន្ន រងចាំដោះស្រាយគ្នាតាមក្រោយ ៕ធឿន ព្រែកជ័យ