ខេត្តកំពង់ធំ ៖ អ្នកនាំពាក្យកងរាជអាវុធ ហត្ថលើផ្ទៃប្រទេសលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានប្រាប់ឲ្យដឹងថា ម្ចាស់គណនី ហ្វេសប៊ុក ឈ្មោះ «យមរាជលោកីយ៍» ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួននៅខេត្តកំពង់ធំពាក់ព័ន្ធការផ្សព្វផ្សាយតាម ប្រព័ន្ធព័ត៌មានមួយចំនួនតូចដែលជាព័ត៌ មានមិនពិតធ្វើឲ្យប៉ះពាល់ដល់កិត្តិយស របស់កងរាជអាវុធហត្ថ ។
គួរបញ្ជាក់ថា កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចេញសេចក្ដីប្រកាសព័ត៌មានថា ការបង្ហោះព័ត៌មានតាមបណ្តាញសង្គម ហ្វេសប៊ុកគណនីឈ្មោះ «យមរាជលោក កីយ៍» និងការផ្សព្វផ្សាយតាមប្រព័ន្ធព័ត៌ មានមួយចំនួនតូចដែលជាព័ត៌មានមិនពិតបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់កងរាជអាវុធហត្ថ ។
មូលហេតុដែលកងរាជអាវុធហត្ថលើផ្ទៃប្រទេសចេញសេចក្តីប្រកាសព័ត៌មាននេះព្រោះអំឡុងរយៈពេលប៉ុន្មានថ្ងៃនេះ មានគណនីមួយឈ្មោះ «យមរាជលោកកីយ៍» ដែលមានឈ្មោះសន សំនៀង អតីតជានាយទាហានកងរាជអាវុធហត្ថខេត្តកំពង់ធំដែលត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌ កងរាជអាវុធហត្ថ ដោយក្រុមប្រឹក្សាវិន័យ កងរាជអាវុធហត្ថលើផ្ទៃប្រទេសតាំងពី ឆ្នាំ២០១៧ បាននិយាយព័ត៌មានមិនពិត ធ្វើឲ្យប៉ះពាល់ដល់កងរាជអាវុធហត្ថ ។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃ ប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញមកបញ្ជាក់បន្ថែមអំពីការចាប់ ខ្លួនម្ចាស់គណនី ហ្វេសប៊ុក ឈ្មោះ «យម រាជ លោកីយ៍» ដែលបានបង្ហោះនិងផ្សព្វ ផ្សាយព័ត៌មានមិនពិតនាំឲ្យប៉ះពាល់ដល់ កិត្តិយសកងរាជអាវុធហត្ថទាំងមូល ។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បាន បញ្ជាក់យ៉ាងដូច្នេះថា «ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ក្រោយ ពីមានការប្រកាសព័ត៌មានរបស់កងរាជ អាវុធហត្ថលើផ្ទៃប្រទេសមានមតិជាច្រើនលើកឡើងអំពីការផ្សាយឡាយរបស់គណនី ហ្វេសប៊ុកឈ្មោះ យមរាជ លោកីយ៍ ដែលមានឈ្មោះពិត សន សំនៀង កន្លងទៅ ។ បុគ្គលឈ្មោះ សន សំនៀង នេះត្រូវបានឃាត់ខ្លួននៅល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ដោយកងរាជអាវុធហត្ថខេត្តកំពង់ធំមានការដឹកនាំនិងសម្របសម្រួលដោយតំណាងអយ្យការអមសាលាដំបូងខេត្ត កំពង់ធំ» ។
បើតាមលោកឧត្តមសេនីយ៍ អ្នកនាំ ពាក្យបានឲ្យដឹងថា ពេលនេះជនសង្ស័យម្ចាស់គណនីហ្វេសប៊ុក «យមរាជលោកីយ៍» កំពុងស្ថិតក្រោមការសួរនាំពីមន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ មុនធ្វើការបញ្ជូនបន្ដទៅសាលាដំបូងខេត្តកំពង់ធំដើម្បីចាត់ការបន្ដតាមនីតិវិធី ។
តាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យកងរាជអាវុធហត្ថការលុបឈ្មោះនេះដោយ សារបុគ្គលឈ្មោះសន សំនៀង បានប្រព្រឹត្តខុសឆ្គងជាបន្តបន្ទាប់ម្តង ហើយម្តងទៀត ដូចជាបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្សស្លាប់នៅនឹងកន្លែងបាញ់បោះសេរី និងបានប្រើហិង្សាលើបងថ្លៃស្រីម្នាក់ បណ្តាលឲ្យសន្លប់ ។
ក្នុងសេចក្តីប្រកាសព័ត៌មានកងរាជ អាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាក់យ៉ាងដូច្នេះថា «យើងខ្ញុំសូមជម្រាបជូនសាធារណ ជននិងអ្នកសារព័ត៌មានបានជ្រាបថា ការ និយាយរបស់ឈ្មោះ សន សំនៀង នេះពុំ មានការណ៍ពិតទេ។ ចំពោះបុគ្គលនិងអ្នកសារព័ត៌មានដែលបានយកពាក្យសម្តី ឬវីដេអូរបស់ឈ្មោះសន សំនៀង ទៅផ្សព្វផ្សាយតាមប្រព័ន្ធផ្សេងៗឬតាមបណ្តាញសង្គមសុំជួយកែតម្រូវឡើងវិញស្របតាមច្បាប់ជាធរមាន»៕