ភ្នំពេញ៖ នារីម្នាក់កំពុងធ្វើដំណើរតាមផ្លូវត្រូវក្រុម ចោរឆក់កាបូបស្ពាយយកទៅបាត់ ផ្លូវ២០០៤ បាត់បង់សម្ភារៈមួយចំនួន ។
ករណីនេះបានកើតឡើងថ្ងៃចន្ទ ៤កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង០៣និង៤០នាទីរសៀល នៅចំណុចមុខហាងមីហិរ ផ្លូវ២០០៤ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនរងគ្រោះមិនបានប្រាប់ពីអត្តសញ្ញាណទេគ្រាន់តែប្រាប់ថាស្នាក់នៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1H-7735 ធ្វើដំណើរពីកើតទៅលិច ដល់ចំណុចខាងលើមាន ជនសង្ស័យ២នាក់ជិះម៉ូតូ ម៉ាកសេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ តាមពីក្រោយមក ឆក់យកកាបូបពាក់នៅពីមុខខ្លួនទៅបាត់ ក្នុងកាបូបមានទូរសព្ទដៃសេរីទំនើបមួយ កាតការងារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីមួយសន្លឹក និងឯកសារមួយចំនួនទៀត ។
ក្រោយកើតហេតុជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលអូបែកក្អម ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវតែប៉ុណ្ណោះ ៕ ស តារា