រដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់លោកត្រាំបានធ្វើឲ្យពិភពលោកទាំងមូល រស់នៅមិនបានស្ងប់សុខឡើយ ដោយអស់ពីរឿងមួយដល់រឿងមួយមិនចេះចប់ ពិសេសគឺការដាក់ទណ្ឌកម្មទៅលើមន្ត្រីប្រទេសណាដែលអាមេរិកមិនពេញចិត្តឬមិនព្រមស្តាប់បង្គាប់តាមអាមេរិក។ នៅពេលនេះការដាក់ទណ្ឌកម្មលើបុគ្គលបានរាលដាលដល់តំបន់អាស៊ាន ហើយ ក្នុងនោះមាន មន្ត្រីកម្ពុជានិងឡាវជាដើម។
សារព័ត៌មានឡាវ Vientiane Times បានផ្សាយថា រដ្ឋាភិបាលឡាវបានសម្តែងការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មលើ ទិដ្ឋាការឆ្លងដែន របស់មន្ត្រីមួយចំនួនក្នុង ជួររដ្ឋាភិបាលប្រទេសអាស៊ានមួយនេះ។
ជុំវិញការដាក់ទណ្ឌកម្មនេះ សហរដ្ឋ អាមេរិកបានអះអាងថា ប្រទេសឡាវមិនបានធ្វើកិច្ចសហការគ្រប់គ្រាន់ ដើម្បីទទួលយកជនជាតិឡាវកំពុងរស់នៅអាមេរិក ដែលអាជ្ញាធរអាមេរិកកំពុងត្រៀមធ្វើការនិរទេសចេញនោះឡើយ។ ទណ្ឌកម្មផ្នែកទិដ្ឋាការទៅលើមន្ត្រីឡាវមួយចំនួននេះ គឺគិតចាប់ ថ្នាក់ពីអគ្គនាយកឡើងទៅ ដែលសុទ្ធសឹងជាមន្ត្រីបម្រើការងារនៅក្នុងក្រសួងសន្តិ សុខសាធារណៈឡាវ ក៏ដូចជាសមាជិក ក្រុមគ្រួសាររបស់ពួកគេ ព្រមទាំងបុគ្គលិកស្ថិតនៅក្រោមឱវាទមួយចំនួនថែមទៀត។
សេចក្តីថ្លែងការណ៍ឆ្លើយតបរបស់ឡាវ ត្រូវបានធ្វើឡើងតាំងតែពីថ្ងៃទី១០ ខែកក្កដា មកម្ល៉េះ ដើម្បីសម្តែងការតវ៉ា និងខកចិត្តទៅលើការដាក់ទណ្ឌកម្មរបស់សហរដ្ឋ អាមេរិក ហើយប្រទេសឡាវបានអះអាង ទៀតថា «មិនអាចទទួលយកបាន»។ នៅក្នុងលិខិតតវ៉ានោះបានបញ្ជាក់យ៉ាងដូច្នេះថា «សកម្មភាពគ្មានមូលដ្ឋាន និងអយុត្តិ ធម៌ប្រព្រឹត្តដោយអាមេរិកពេលនេះ គឺជា រឿងដែលឡាវមិនអាចទទួលយកបាន ហើយវានឹងជះឥទ្ធិពលអាក្រក់ទៅដល់ ទំនាក់ទំនង ដែលកំពុងតែរីកលូតលាស់ល្អទៅហើយរវាងឡាវ-អាមេរិក…»។
គួរបញ្ជាក់ថា ក្រសួងសន្តិសុខមាតុ ភូមិអាមេរិក បានចេញសេចក្តីថ្លែងការណ៍ ខាងលើនេះ ក្រោយពីខ្លួនបានចោទប្រកាន់ ថា រដ្ឋាភិបាលឡាវមិនបានបង្ហាញការ សហការដែលអាចទទួលយកបាននោះ ឡើយ ជុំវិញការទទួលយកជនជាតិឡាវ មួយចំនួន ដែលអាជ្ញាធរអាមេរិករកឃើញ ថា បានមកស្នាក់នៅលើទឹកដីមហាអំណាចនេះដោយខុសច្បាប់ ខណៈដែលប្រតិបត្តិការបោសសម្អាតជនអន្តោប្រវេសន៍ខុស ច្បាប់មកពីគ្រប់ទិសទី កំពុងប្រព្រឹត្តទៅយ៉ាងក្តៅគគុកដោយរដ្ឋបាលលោក ដូណាល់ ត្រាំ៕ ម៉ែវ សាធី