ព័ត៌មានទាន់ហេតុការណ៍៖

ទឹកទន្លេនឹងហក់ឡើងខ្ពស់កសិករអមទន្លេ មេគង្គលើសូមប្រញាប់ប្រមូលកសិផល

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមកាល ពីថ្ងៃចន្ទ ៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ បានប្រកាសដល់ប្រជាកសិកររស់នៅអមសងខាងទន្លេមេគង្គលើ និងតំបន់ទំនាបនានាដែលប្រកបរបរកសិកម្មសូមរួសរាន់ប្រមូលកសិផលឱ្យទាន់ ពេលវេលា ព្រោះរយៈពេល២ទៅ៣ថ្ងៃទៀតទឹកទន្លេមេគង្គលើនឹងហក់ឡើងខ្ពស់ ។

ក្រសួងបានបញ្ជាក់ថា រយៈពេល២ទៅ ៣ថ្ងៃទៀតទឹកទន្លេនឹងហក់ឡើងខ្ពស់ដោយផ្តើមហូរចូលតាមព្រែកនិងតំបន់ទំនាប នានានៅអមសងខាងទន្លេមេគង្គលើ។ នីវោ ទឹកទន្លេឡើងនេះដោយសារឥទ្ធិពលប្រព័ន្ធសម្ពាធទាបដែលកើតឡើងលើតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គប្រទេសថៃ និង ប្រទេសឡាវនាំឲ្យមានភ្លៀងធ្លាក់ជាបន្ត បន្ទាប់ ។

ក្រសួងធនធានទឹកសូមអំពាវនាវ ជាពិសេសទៅកាន់ប្រជាពលរដ្ឋរស់នៅខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ និងខេត្ត កំពង់ចាមដែលកំពុងប្រកបរបរកសិកម្ម អមសងខាងផ្លូវទឹកសូមមេត្តារួសរាន់ប្រមូលកសិផលឱ្យបានពេលវេលា ។

ជាមួយគ្នានេះដែរនៅឯខេត្តស្ទឹងត្រែង បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នាបន្តរហូតជារៀងរាល់ថ្ងៃបានធ្វើឲ្យទឹកទន្លេទាំង៤ក្នុងនេះកើនឡើងយ៉ាងលឿនដែលចំនួនទឹកភ្លៀងឆ្នាំនេះខុសប្លែកពីឆ្នាំកន្លងទៅ ។

តាមការឲ្យដឹងពីប្រធានមន្ទីរធនធាន ទឹកខេត្តស្ទឹងត្រែងលោក ប៉ាង ប៉េង បាន ឲ្យដឹងថា ទឹកឆ្នាំនេះជន់ឡើងលឿនជាងឆ្នាំ មុន ព្រោះថាឆ្នាំនេះមានភ្លៀងធ្លាក់ចាប់តាំង ពីខែឧសភា ហើយបន្តរហូតមកដល់សព្វ ថ្ងៃ។ ម្យ៉ាងទៀតនៅតំបន់មេគង្គលើមានភ្លៀងធ្លាក់ច្រើនដែលជាហេតុធ្វើឲ្យមេគង្គ ក្រោមមានទឹកមានទឹកកើនយ៉ាងលឿន ដែរ ។

លោកបានបន្តថា ទោះយ៉ាងនេះក្តីប៉ុន្តែនៅខេត្តស្ទឹងត្រែងទឹកទន្លេទាំង៤ពុំទាន់ដល់ពេលប្រកាសអាសន្ននៅឡើយទេចំណុចប្រកាសអាសន្នគឺក្នុងកម្ពស់ទឹក១០,៧០ម៉ែត្រ តែនៅពេលនេះកម្ពស់តែ៧,៨០ ម៉ែត្រ ។

សូមបញ្ជាក់ថា ទន្លេទាំង៤ក្នុងខេត្តស្ទឹង ត្រែងគឺទន្លេមេគង្គ ទន្លេសេកុង ទន្លេស្រែ ពក និងទន្លេសេសានដែលទន្លេទាំង៤នេះ បានហូរចូលប្រសព្វគ្នាក្នុងទន្លេមេគង្គទាំងអស់ ៕ ហេង សូរិយា


ចែករំលែក៖