ភ្នំពេញ៖ ដើម្បីសម្រួលដល់ការធ្វើចរាចរនៅគល់ស្ពានព្រះមុនីវង្សត្រើយខាងកើត ស្ថិតក្នុងខណ្ឌច្បារអំពៅឲ្យមានរបៀបរៀបរយ រាជរដ្ឋាភិបាល ក៏ដូចជាសាលារាជធានីភ្នំពេញបានស្ថាបនាផ្លូវសម្រាប់រំដោះចរាចរកុំឲ្យកកស្ទះ ផ្ទុយទៅវិញមានអ្នកបើកបរយានយន្ត មួយចំនួនតូចកំពុងធ្វើជាគំរូអាក្រកដល់អ្នកបើកបរផ្សេងៗទៀត មានផ្លូវស្របទិសសម្រាប់ធ្វើចរាចរដែរ តែមិនបើកបរទេ បែរជាមកបើកបរកាត់ទទឹងផ្លូវនៅគល់ស្ពានព្រះមុនីវង្សចាស់ទៅវិញ ទង្វើបែបនេះបានធ្វើឲ្យមហាជនរិះគន់ទៅលើម្ចាស់យានយន្តទាំងនោះ ។
នេះជារូបភាពបង្ហាញពីឥរិយាបទអ្នកបើកបររថយន្តសេរីទំនើប អ្នកជិះម៉ូតូ និងអ្នកបើកបររ៉ឺម៉កម៉ូតូ បើកបំពានស្លាកចរាចរកាត់ទទឹងផ្លូវនៅគល់ស្ពានព្រះមុនីវង្សចាស់ត្រើយខាងកើត ។ ទង្វើបែបនេះបានធ្វើឲ្យអ្នកបើកបរដែលត្រូវបង្កើនល្បឿនដើម្បីឡើងស្ពានព្រះមុនីវង្ស មានការខឹងសម្បារដោយសារតែ អកហ្សឺ ល្បឿន មួយផ្នែកទៀតធ្វើឲ្យរថយន្តដឹកទំនិញឡើងស្ពានមិនរួច ។
នៅគល់ស្ពានព្រះមុនីវង្សត្រើយខាងកើតមានផ្លូវសម្រាប់ធ្វើចរាចរស្របទិស៣ ទៅ៤ខ្សែ បើអ្នកដំណើរណាឆ្លងស្ពានព្រះមុនីវង្សថ្មីក្នុងទិសដៅពីលិចទៅកើតហើយចង់បត់ទៅផ្លូវលេខ៣៦៩តំបន់ច្រាំងបាក់ ត្រូវបត់ស្តាំបើកបរតាមផ្លូវក្រោមស្ពាន និងមួយខ្សែទៀតបើកតាមផ្លូវជាតិ១ចំងាយ២០ម៉ែត្រហើយបត់ឆ្វែងឆ្លងមកផ្សាច្បារអំពៅទើបជាការត្រឹមត្រូវស្របទៅតាមផ្លូវសម្រាប់ធ្វើចរាចរ ។ ចំពោះការបើកបរតាមគន្លងផ្លូវកោងជាប់គល់ស្ពានហើយបត់ទៅផ្សារច្បារអំពៅ ឬ បត់ទៅតាមផ្លូវ លេខ៣៦៩ តំបន់ច្រាំងបាក់ គឺជាការខុសច្បាប់ចរាចរ ។
សូមអ្នកបើកបរទាំងឡាយកុំយកគំរូតាមអ្នកបើកបរនៅក្នុងរូបភាពនេះជិះសុទ្ធតែរថយន្តសេរីទំនើបតែបែជាបើកបរបំពានស្លាកសម្គាល់ចរាចរទៅវិញ ។ គួរតែភ្ញាក់រលឹកចូលរួមគោរពច្បាប់ចរាចរទាំងអស់គ្នា រួមគ្នាលើកកំពស់សីលធម៌សង្គមតាមរយៈការអនុវត្តច្បាប់ ៕ សណ្តោស