ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន ហៅយុទ្ធនាការចង្អុលដៃស្អាតជាចេតនាទុច្ចរិតមិនចង់ឲ្យពលរដ្ឋទៅបោះឆ្នោត

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាចាត់ទុកការ អូសទាញអារម្មណ៍ប្រជាពលរដ្ឋឲ្យចូលរួមយុទ្ធនាការចង្អុលដៃស្អាតជាចេតនាទុច្ចរិត មិនចង់ឲ្យប្រជាពលរដ្ឋចូលរួមការបោះឆ្នោតស្របពេលការបោះឆ្នោតកាន់តែខិតជិត មកដល់ ។

លោក សុខ ឥសាន បានបញ្ជាក់តាមប្រព័ន្ធតេឡេក្រាមកាលពីថ្ងៃពុធ ៦កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០១៨ថា នៅពេលដែលប្រជាជនកម្ពុជាទូទាំងប្រទេសដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាង៨៤ភាគរយកំពុងតែផ្ចង់ អារម្មណ៍ឆ្ពោះទៅរកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ខាងមុខនឹងទៅបោះឆ្នោត។ ប៉ុន្តែ អ្នកនយោបាយក្រៅស្រុកបានធ្វើយុទ្ធនាការចង្អុលដៃស្អាតក្នុងចេតនាមិនចង់ឲ្យ ប្រជាពលរដ្ឋទៅបោះឆ្នោត ។

លោកបានបន្តថា ប៉ុន្តែចេតនានេះមិនមានប្រសិទ្ធភាពសោះឡើយដោយសារ ប្រជាពលរដ្ឋនៅក្នុងស្រុកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទើបអាចទៅបោះឆ្នោតបាន ហើយប្រជាពលរដ្ឋនឹងអញ្ជើញទៅបោះឆ្នោតក្នុងនាមជាម្ចាស់ស្រុកម្ចាស់ ប្រទេស។ ចំណែកការធ្វើយុទ្ធនាការនេះមានវិសាលភាពតែចំពោះប្រជាពលរដ្ឋនៅក្រៅប្រទេសដែលអត់មានឈ្មោះក្នុងបញ្ជីបោះឆ្នោតតែប៉ុណ្ណោះ ។

លោក សុខ ឥសាន បានបន្ថែមថា ដូច្នេះ ដែលហៅថា យុទ្ធនាការម្រាមដៃស្អាតមិនមានប្រសិទ្ធភាពនោះទេ ដោយសារតែ ដំណើរការបោះឆ្នោតនៅតែប្រព្រឹត្តទៅ ដោយរលូនដែលឆ្លុះបញ្ចាំងពីឆន្ទៈរបស់ ប្រជាពលរដ្ឋកម្ពុជាក្នុងការសម្រេចជោគ វាសនានៃប្រទេសជាតិខ្លួនស្របតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ។

សូមរំលឹកថា ការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានីតិកាលទី៦នឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដាខាងមុខ ដែលមាន គណបក្សនយោបាយចំនួន២០បានចុះ បញ្ជីចូលរួមប្រកួតប្រជែង ៕ ហេង សូរិយា


ចែករំលែក៖