ភ្នំពេញ៖ មេខ្លោងជួញដូរគ្រឿងញៀនទម្ងន់៤៤គីឡូក្រាមជនជាតិចិនម្នាក់ក្នុងចំណោម២នាក់ត្រូវបានចៅក្រមសាលា ដំបូងបង្គាប់ឲ្យនាំខ្លួនមកកាន់តុលាការ ដើម្បីបើកការស៊ើបសួរលើសំណុំរឿងថ្មី មួយទៀតគឺបទល្មើសសម្អាតប្រាក់(លាងលុយ)។
លោក ម៉ុង មុន្នីសោភា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ជាចៅក្រមទទួល បន្ទុកស៊ើបសួរក្នុងរឿងក្ដីសម្អាតប្រាក់នេះ។ ជនជាប់ចោទ ឈ្មោះ ស៊ូ យាំងលាង ភេទប្រុស អាយុ៤១ឆ្នាំ ។
សូមបញ្ជាក់ថា ឈ្មោះ ស៊ូ យាំងលាង និងឈ្មោះ YANG DEYING ភេទប្រុស អាយុ៤៤ឆ្នាំត្រូវបានចាប់ខ្លួននៅក្នុងរឿងក្ដីជួញដូរគ្រឿងញៀនទម្ងន់៤៤គីឡូក្រាម នៅក្នុងក្រុងភ្នំពេញ ។
ដំបូងឡើយសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ស៊ូ យាំងលាង នៅត្រង់រង្វង់មូលទួលគោក សង្កាត់បឹងកក់២ ខណ្ឌទួលគោក ខណៈ ជនសង្ស័យកំពុងដឹកជញ្ជូនគ្រឿងញៀន បម្រុងយកទៅប្រគល់ឲ្យមនុស្សផ្សេងទៀត ។ ពេលនោះសមត្ថកិច្ចដកហូតថ្នាំញៀននៅខ្លួនជនសង្ស័យបានជាងកន្លះ គីឡូក្រាម ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យបាន សារភាពថា ថ្នាំញៀនមានលាក់ទុកនៅផ្ទះបក្ខពួកដែលគេស្នាក់អាស្រ័យមួយចំនួនទៀត ។ ពេលនោះសមត្ថកិច្ចក៏បាននាំជនសង្ស័យទៅចង្អុលនិងដកហូតថ្នាំញៀន បានជាង៤៤គីឡូក្រាមបន្ថែមទៀត ។ ឈ្មោះស៊ូ យាំងលាងបានអះអាងថា ថ្នាំញៀន នេះជារបស់មេខ្លោងបានរត់គេខ្លួនបាត់ ។
លោកឧត្តមសេនីយ៍ទោ សាន សុទ្ធី បានឲ្យថា កិច្ចប្រតិបត្តិការនៅបន្តរហូត ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ កម្លាំង ជំនាញ បានស្រាវជ្រាវ និងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ YANG DEYING និងដកហូតថ្នាំញៀន ចំនួន៦ដុំ ស្មើនឹងជាង២គីឡូក្រាម ។ ថ្នាំ ញៀន ដែលដកហូតបានពីជនសង្ស័យ ទាំង២នាក់នោះមានដូចជា១-ប្រភេទមេ តំហ្វេតាមីនមានទម្ងន់១៩៨៨,១៨ក្រាម, ២-ថ្នាំញៀនប្រភេទអុីចស្តាស៊ីមាន១.៩៣០គ្រាប់ស្មើនឹង៧១៣ ក្រាម, ៣-ថ្នាំញៀន ប្រភេទកេតាមីនដប ចំនួន២.០០០ដបស្មើនឹង១.០០០ក្រាម និង៤-សារធាតុម្សៅពណ៌សសម្រាប់កែច្នៃ ទៅជាគ្រឿងញៀនចំនួន៤៤គីឡូក្រាម (ទម្ងន់៤៤គីឡូក្រាមនេះម្ចាស់បានរត់បាត់) និងដកហូតពីឈ្មោះ YANG DEYING មានចំនួន៦ដុំស្មើនឹងជាង២គីឡូក្រាមសរុបទាំងអស់ជិត៥០គីឡូក្រាម ៕ នរិន្ទ្រ