ខេត្តកណ្តាល ៖ បុរសម្នាក់ដែលស្ថិតក្នុងស្ថានភាព ស្រវឹងស្រាខ្លាំង បានទៅមើល គេបូមត្រី នៅក្នុងស្រះ ចៃដន្យធ្លាក់ទឹកស្រះ លង់ស្លាប់គ្មានអ្នកណាដឹង ត្រូវសាច់ញាតិ ប្រទះឃើញសព កាលពីវេលាម៉ោង ៥ព្រឹក ថ្ងៃ ព្រហស្បតិ៍ ៧ កើត ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុច ភូមិព្រែកតាបែន ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
សមត្ថកិច្ចនគរបាល ស្រុកខ្សាច់កណ្តាល បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ផាង ផយ ភេទប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិខ្មែរ ជាកសិករ មានទីលំនៅ ភូមិព្រែកតាទន់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ បុរសនេះ តែងតែ ផឹកស្រាស្រវឹង ជារៀងរាល់ថ្ងៃហើយ មុនពេលកើតហេតុ ជនរងគ្រោះ មានសភាព ស្រវឹងស្រាខ្លាំង បានដើរទៅកន្លែង បងស្រីរបស់ខ្លួន ឈ្មោះ ផាង ផុំ បូមស្រះចាប់ត្រីនៅ ខាងកើតភូមិ ព្រែកតាបែន ឃុំព្រះប្រសប់ គ្រា ដែលអ្នកបូមត្រីសម្រាកទៅផ្ទះអស់ ។
ក្រោយមក ជនរងគ្រោះ បានចុះទៅ ក្នុងទឹកស្រះដែលបូមមិនទាន់រួច ហើយក៏បាត់ខ្លួនដោយគ្មានអ្នកណាដឹង។លុះ ដល់វេលាម៉ោង ៦និង៣០ នាទីព្រលប់ ថ្ងៃដដែល ដោយមិនឃើញ ជនរងគ្រោះ ឈ្មោះ ផាង ផុំ ជាបងបង្កើត និងមនុស្ស ជាច្រើននាក់ទៀត បានដើររក តែរកមិនឃើញ។ រហូតដល់វេលាម៉ោង ៥ ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ ឈ្មោះ ផាង ផុំ បានប្រទះឃើញ ជនរងគ្រោះ ដេកស្លាប់ នៅក្នុងទឹកស្រះបូមចាប់ត្រី ក្បែរច្រាំង ហើយបាន រាយការណ៍ ជូនសមត្ថកិច្ចឲ្យចុះទៅពិនិត្យយ៉ាងយូរ ទើបសន្និដ្ឋានថា ជនរងគ្រោះពិតជា ស្លាប់ដោយលង់ទឹកស្រះប្រាកដមែន ក៏ប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ សហការី