ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមចោរមួយក្រុមជិះដេញតាមវាយប្លន់ម៉ូតូពីយុវជន២នាក់បានសម្រេចនៅខណ្ឌទួលគោក

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់ជិះម៉ូតូឌ្រីមស៊េរី០១៨ មួយគ្រឿងចេញពីខារ៉ាអូខេ គោលបំណងទៅផឹកបន្តនៅកោះពេជ្រ ខណ:មកចំណុចកើតហេតុត្រូវក្រុមចោរមួយក្រុមជិះម៉ូតូដេញតាមធ្វើសកម្មភាពវាយប្លន់យកម៉ូតូបានសម្រេចបណ្តាលឲ្យជនរងគ្រោះរងរបួសបែកក្បាល ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង៣ទៀបភ្លឺ ថ្ងៃចន្ទ ១១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវលេខ៦០៨ក្បែរអតីតរង្វង់មូលទួលគោក ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រភពពត៌មានបានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ធឿន ប៊ុនធុល អាយុ២៣ឆ្នាំ ជាជាងជួសជុលរថយន្ត ស្នាក់នៅស្រុកស្អាង ខេត្តកណ្ដាល ចំណែកអ្នករួមដំណើរជាមួយមានឈ្មោះ ផុន ណារ៉ូ អាយុ២៥ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ប្រភពពត៌មានពីជនរងគ្រោះទាំង២នាក់បានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនទាំង២នាក់ទើបតែចេញមកពីច្រៀងខារ៉ាអូខេនៅម្ដុំភ្នំពេញថ្មី គោលបំណងទៅផឹកជាមួយនិងសង្សារបន្តទៀតនៅម្តុំកោះពេជ្រ ។ ដោយជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1F-4596 តាមបណ្ដោយផ្លូវលេខ៦០៨ ក្នុងទិសដៅចុះមកពីទំនប់ត្រឡោកបែកឆ្ពោះទៅអតីតរង្វង់ទួលគោក ។ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែលេចមុខជនសង្ស័យមួយក្រុមប្រដាប់ដោយខ្សែក្រវ៉ាត់ជិះម៉ូតូ៥ ទៅ៦គ្រឿង មកពីក្រោយធ្វើសកម្មភាពវាយប្លន់ខ្លួនជាម្ចាស់ម៉ូតូចំសៀតផ្កាខាងឆ្វេងបណ្តាលបែកឈាម ហើយក៏ដួលម៉ូតូ ។ ភ្លាមៗនោះក្រុមជនសង្ស័យឃើញឪកាសល្អក៏លើកម៉ូតូរបស់ជនរងគ្រោះជិះរត់គេចខ្លួនបាត់ស្រមោល ភ្លាមនោះដែលជនរងគ្រោះក៏បានស្រែកចោរៗឲ្យគេឯងដែលនៅក្បែរនោះជួយ តែគ្មាននរណាម្នាក់ជួយនោះទេ ។

បន្ទាប់ពីកើតហេតុជនរងគ្រោះបានត្រឹមតែកាន់កាតគ្រីទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ ដើម្បីឲ្យដមត្ថកិច្ចជួយធ្វើកំណត់ហេតុ ជួយស្វែងរកឃាត់ក្រុមជនសង្ស័យយកមកផ្តន្ទាទោសទៅតាមច្បាប់៕ ជ្រោយពេជ្រ


ចែករំលែក៖