ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងសំណង់អត់ច្បាប់សាងសង់លើសមុទ្រមួយកន្លែងត្រូវបានអាជ្ញាធរចុះបិទ

ចែករំលែក៖

ខេត្ពព្រះសីហនុ៖ ស្របពេលដែលរដូវបោះឆ្នោតជិតឈានមកដល់ ជាអំឡុងពេលមួយដែលថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ជាប់រវល់ ក្នុងការឃោសនាបោះឆ្នោត ទីតាំងសំណង់អត់ច្បាប់សាងសង់លើសមុទ្រ មួយកន្លែង ស្ថិតក្នុងភូមិ០៣(រំដួលជើងភ្នំ) សង្កាត់លេខ០១ ក្រុងព្រះសីហនុ នារសៀល ថ្ងៃអាទិត្យ ១០កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ត្រូវបានអាជ្ញាធរក្រុងចុះបិទជាបណ្តោះអាសន្នហើយ ។

ថ្លែងបញ្ជាក់ក្នុងឱកាសចុះបញ្ឈប់ការដ្ឋានសំណង់ អត់ច្បាប់ដែលបានលបលួចសាងសង់លើសមុទ្រ ដោយពុំមានការអនុញ្ញាត លោក សីហា មន្ត្រីសាលាក្រុងព្រះសីហនុបានគូសបញ្ជាក់ថា ការដ្ឋានសំណង់ ពុំមានច្បាប់នោះទេ ដោយពួកគេបានលបសាង សង់ ស្របពេលមន្ត្រីរាជការមួយចំនួនមានការមមាញឹក ប៉ុន្តែពួកគេភ្លេចគិតថា ការឃោសនាជារឿងមួយ ។

រីឯមន្ត្រីរាជការបម្រើការងារ វាជារឿងដាច់ដោយឡែកពីគ្នា ដូចនេះអ្វីដែលពួកគេលបលួចសាងសង់នេះ គឺមិនអាចទៅរួចនោះ ដាច់ខាត ត្រូវតែបញ្ឈប់ការសាងសង់ជាបណ្តោះអាសន្ន ត្រូវរង់ចាំសុំច្បាប់ជាមុនសិន ប៉ុន្តែ បើពិនិត្យលើភាពជាក់ស្តែង ទីតាំងដែលសាងសង់នេះ ស្ថិតនៅក្នុងចំនុចដែលរដ្ឋបាលសាលាខេត្ត ក៏ដូចជារាជរដ្ឋាភិបាលហាមឃាត់ មិនឲ្យសាងសង់ ដូចនេះអាចចាត់ទុកថា ទីតាំងសំណង់រំលោភចំណីសមុទ្រ និង សង់លើសមុទ្រនេះ គឺ ពុំអាចសាងសង់បាននោះទេ ។ ប្រសិនបើម្ចាស់សំណង់ នៅតែបន្តលបលួចសាងសង់ ម្ចាស់សំណង់ អាចព្រឈមទៅនឹងមុខច្បាប់ ទៅតាមមាត្រាដែលបានចែង ៕ ឆ្កាម សមុទ្រ


ចែករំលែក៖