ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សប្រុសស្រីចំនួន៨នាក់ បានរងរបួសធ្ងន់ និងស្រាលដោយសារគ្រោះថ្នាក់ចរាចណ៍ រថយន្ដបុករថយន្ដ

ចែករំលែក៖

ខេត្តសៀមរាប៖ យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន៨នាក់ បានរងរបួសធ្ងន់ និងស្រាលដោយសារគ្រោះថ្នាក់ចរាចណ៍ ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃអាទិត្យ ១០កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ១៦ និង១៥នាទី នៅលើដងផ្លូវជាតិលេខ០៦ ចម្ងាយ១០០ ម៉ែត្រ ខាងលិចស្នាក់ការអាវុធហត្ថ ៦១០ ស្ថិតនៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ។

លោកវរសេនីយ៍ឯក ជី បេងជន អធិការដ្ឋាននគរបាលស្រុកក្រឡាញ់ បានឲ្យដឹងថា ករណីនេះ មានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ានដាយ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3B-6340 បើកបរដោយឈ្មោះ ចាន់ ភេទប្រុស អាយុ ២០ឆ្នាំ មិនស្គាល់ទីលំនៅ មានអ្នករួមដំណើរ ចំនួន៣នាក់ ទី១.ឈ្មោះ ម៉ា ភេទ ប្រុស អាយុ ២៣ ឆ្នាំ មិនទាន់ស្គាល់ទីលំនៅ ទី២.ឈ្មោះថន វ៉ាន់ឆៃ ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅភូមិ បន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ទី៣.ឈ្មោះ រិត វាសនា ភេទប្រុស អាយុ ២៨ ឆ្នាំរស់នៅភូមិ ស្រែសណ្តាយ ឃុំរបូរក្រូច ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ បានបែកកងខាងឆ្វេងរេចង្កូតទៅឆ្វេង ក្នុងទិសដៅពីលិចទៅកើត បានបុករថយន្តម៉ាកហាយឡិនឌ័រ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-6586 បើកបរដោយឈ្មោះបិន នាគ អាយុ៣២ ឆ្នាំជាប្ដី និងប្រពន្ធឈ្មោះ ឆែ រើន អាយុ ២៧ ឆ្នាំ ព្រមទាំង កូនប្រុសឈ្មោះ ឈុន តុលា អាយុ៧ ឆ្នាំ និង កូនស្រីឈ្មោះ ឈុន លីណា អាយុ ១៥ខែ ទីលំនៅភូមិ ២ឃុំកំពង់ស្វាយ ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ក្នុងទិសដៅពីលិចទៅកើត ។

អធិការដ្ឋាននគរបាលស្រុកក្រឡាញ់បន្ថែមទៀតថា បន្ទាប់មកកង់រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ បានដាច់កង់រមៀលទៅបុកប៉ះរថយន្តមួយគ្រឿងទៀតម៉ាក TOYOTA CAMARY (បាឡែន) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2T-9761 បើកបរដោយឈ្មោះ ជួ ផល្លី ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ទីលំនៅភូមិ ចំការចេក ឃុំ អូរស្មាច់ ស្រុកសំរោង ខេត្តឧត្តមានជ័យ ក្នុងទិសដៅពីកើតទៅលិច ។ បណ្តាលឲ្យរបួសធ្ងន់៤នាក់ និងរបួសស្រាល៤នាក់ ។

បើតាមលោកអធិការដ្ឋាននគរបាលស្រុកក្រឡាញ់បញ្ជាក់ថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីរថយន្តម៉ាកហ៊ីយ៉ានដាយបើកបរមានល្បឿនលឿន ។

ចំពោះជនរងគ្រោះ សមត្ថកិច្ចបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ វត្ថុតាងសមត្ថកិច្ចបានយកមករក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុក ដើម្បីចាត់ការតាមនិតិវិធី ៕ ប៊ុនរិទ្ធី


ចែករំលែក៖