ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នារបួសធ្ងន់ស្រាល៣នាក់នៅស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរស៣នាក់ បានរងរបួសធ្ងន់ស្រាល ខណៈបើកបរម៉ូតូបុកគ្នាកាលពីវេលាម៉ោង៦និង៤៥នាទីព្រលប់ ថ្ងៃអាទិត្យ ១០កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចលើផ្លូវក្រាលកៅស៊ូ ភូមិត្រពាំងតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

សមត្ថកិច្ច នគរបាលស្រុកបានឲ្យកាសែតនគរវត្តដឹងថា មុនពេលកើតហេតុ ​ម៉ូតូម៉ាក ហុងដាឌ្រីម សេរី២១០៧ ពណ៌ខ្មៅ គ្មាន​ស្លាក​លេខ បើកបរដោយឈ្មោះ បៅ ផាន់ណា​ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករ រស់នៅភូមិតាប៉ោញ ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយធ្វើដំណើរពីទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនហើយក៏បានបត់ឆ្វេង ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៧ ពណ៌ខ្មៅ ស្លាក​លេខ ស្វាយរៀង 1J-2782 ទិសដៅពីជើងទៅត្បូង បញ្ច្រាសគ្នាបើកបរដោយឈ្មោះ ឈាង រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិត្បែង ឃុំគគីរសោម ស្រុកស្វាយទាប ខេត្ត​ស្វាយរៀង និងអ្នករួមដំណើរឈ្មោះ រុំ ប្រិល ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំជាមួយគ្នា បណ្ដាលឲ្យរងរបួសត្រូវបានសមត្ថកិ្្ចដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូនិងធ្វើការវាស់វែងអូសយកម៉ូតូទាំង២គ្រឿង មករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំព្រៃតាអី រង់ចាំដោះស្រាយនៅពេលក្រោយ ៕ យឹម សុថាន


ចែករំលែក៖