ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យវ័យក្មេងម្នាក់គាស់ផ្ទះចូលលួចលុយ៧០០ដុល្លារ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលស្រុកសំរោងទងបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីចោរកម្មលួចគាស់ផ្ទះលួចយកលុយចំនួន ៧០០$ គ្រាដែលម្ចាស់ផ្ទះមិននៅ។

ការឃាត់ខ្លួនជនសង្ស័យម្នាក់នេះបានប្រព្រឹត្តទៅកាលពី ម៉ោង៥និង៣០នាទី ល្ងាច ថ្ងៃចន្ទ ១១កើត ខែទុតិយាសាឍ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៨ នៅ ភូមិរំលេច ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

លោកវរសេនីយ៍ឯក ឃុត សុផល អធិការស្រុកសំរោងទងបានឲ្យដឹងថាជនសង្ស័យឈ្មោះ ផេង ពន្លក ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិរំលេច ឃុំរលាំងគ្រើល ស្រុកសំរោងទង។រីឯ ជនរងគ្រោះឈ្មោះផាន សុភាព ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិជាមួយគ្នា។

ក្រោយពីការសាកសួរជនសង្ស័យខាងលើបានឆ្លើយសារភាពថាខ្លួនបានលួចគាស់ផ្ទះចូលលួចយកលុយ៧០០ដុល្លារពិតប្រាកដមែន គ្រាដែលជនរងគ្រោះចាក់សោទ្វារផ្ទះចេញទៅក្រៅបាត់ ហើយលុយនេះបានយកទៅចំណាយ ទិញរបស់របរមួយចំនួន សល់តែ១០០ ដុល្លាប៉ុណ្ណោះ ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងជនសង្ស័យខាងលើបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី ៕ សហការី


ចែករំលែក៖