ភ្នំពេញ ៖ ប៉ូលិសចរាចរខណ្ឌដូនពេញ២នាក់របួសធ្ងន់ស្រាល ខណៈជិះម៉ូតូមកវាស់វែងករណីចរាចរតែមិនទាន់ដល់ទីតាំងផង ត្រូវយុវជនម្នាក់ជិះម៉ូតូយ៉ាងលឿនមកបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យយុវជនរូបនេះរងរបួសធ្ងន់ដែរ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីយប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ដែលស្ថិតនៅតាមបណ្ដាលផ្លូវលេខR6 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានប៉ូលិសជំនាញចរាចរខណ្ឌដូនពេញពីរនាក់ បានជិះម៉ូតូឌុបគ្នា តាមបណ្ដោយផ្លូវលេចR6 ក្នុងទិសដៅពីត្បូងទៅជើង ក្នុងគោលបំណងមកវាស់វែងគ្រោះថ្នាក់ចរាចរ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានយុវជនម្នាក់ ជិះមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GO-4273 បានធ្វើដំណើរមកពីក្រោយស្របទិសគ្នាយ៉ាងលឿន បានបុកម៉ូតូប៉ូលីសពីក្រោយពេញទំហឹង បណ្ដាលឲ្យម៉ូតូអូសជាច្រើនម៉ែត្រ បណ្តាលឲ្យប៉ូលិស២នាក់រងរបួសធ្ងន់ ស្រាល រួមទាំងយុវជនដែលជិះម៉ូតូមកបុកពីក្រោយ បានរងរបួសធ្ងន់ដែរ ។
បន្ទាប់ពីកើតហេតុជនរងគ្រោះដែលរងរបួសធ្ងន់ ទាំងប៉ូលីសចរាចរ និងយុវជនដែលជិះម៉ូតូបុកប៉ូលិស ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យឯកជនភ្លាមៗ ។ ចំណែកម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីរង់ចាំដោះស្រាយតាមក្រោយ ៕ ជ្រោយពេជ្រ