ព័ត៌មានទាន់ហេតុការណ៍៖

បុរសអនាថាស្លាប់ក្រោមដើមឈើបង្កភ្ញាក់ផ្អើលដល់អ្នកដើរឆ្លុះកណ្តូបនិងកង្កែបពេលយប់

ចែករំលែក៖

ប៉ោយប៉ែត៖ ក្រុមអ្មកដើរឆ្លុះកង្កែប និងកណ្ដូបមានគ្នា៥នាក់ បង្ករឲ្យមានភាពភ្ញាក់ផ្អើលទាំងយប់ បន្ទាប់ប្រទះឃើញបុរសម្នាក់ដេកស្លាប់ នៅក្រោមដើរឈើមួយដើម នៅតាមបណ្តោយផ្លូវជាតិលេខ៥៨ កាលពីវេលាម៉ោង៨ និង១៥នាទីយប់ ថ្ងៃចន្ទ ១១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ឋិតនៅក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយជ័យ ។

ក្រុមឆ្លុះកណ្តូប និងកង្កែបនោះមានដូចជា ទី១:ឈ្មោះ កុមារី លីន អាយុ១៥ឆ្នាំ ទី២:ឈ្មោះ អីុត ទី៣: ឈ្មោះណាង អាយុ១២ឆ្នាំ ទី៤: ឈ្មោះ ចិត្ត ទី៥: ឈ្មោះ ថា ហើយអ្នកទាំង៥នាក់នេះរស់នៅក្នុងភូមិកើតហេតុខាងលើ ។

ពួកគេបាននិយាយថា ឃើញមនុស្សស្លាប់ភ្លាមបាននាំគ្នារត់បាតជើងសព្រាតត្រលប់យកផ្ទះវិញ ដើម្បីប្រាប់ចាស់ៗ បង្កឲ្យភ្ញាក់ផ្អើលពេញភូមិតែម្តង ។ ភ្លាមៗនោះ គេសង្កេតឃើញថា លោក ឈិត រ៉ម អនុប្រធានភូមិ និងលោក ណង សុង មេភូមិព្រៃគប់ បានមកដល់ទីតាំងកើតផងដែរ ។ ក្នុងនោះផងដែរ លោក ណង សុង មេភូមិព្រៃគប់ បានអះអាងថា បុរសដែលបានស្លាប់នេះមិនមែនជាប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិកើតហេតុនោះទេ ព្រោះមិនដែលស្គាល់ពីមុនមកនោះឡើយ ។

តាមការសង្កេតឃើញថា សាកសពបានពាក់អាវយឺតដៃវែង ពណ៌ស ស្លៀកខោក្នុង ពុំមានខោជើងវែងនោះទេ វ៉ែនតាពាក់នឹងកអាវ១ មានខ្សែក(ខ្សែខ្មៅ) និងមានគ្រាប់អង្កាំពណ៌សជាច្រើនគ្រាប់ និងមានទង់ជាតិនៅពីលើក្បាលផងដែរ ។

សូមបញ្ជាក់ថា ក្រោយពេលកើតហេតុននៅវេលាម៉ោង ៩ និង ៣០ នាទីព្រឹកថ្ងៃទី២៤ ខែកក្កដា ២០១៨ គេសង្កេតឃើញមាន នគរបាលក្រុងប៉ោយប៉ែតបានចុះមកកន្លែងកើតហេតុផងដែរ ដើម្បី ស្រាវជ្រាវរកអត្តសញ្ញាណ និងមូលហេតុនៃការស្លាប់របស់ជនរងគ្រោះ ។

ជុំវិញករណីនេះលោក ធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែតបញ្ជាក់ថា តាមការស៊ើបសួរជំហានដំបូងការស្លាប់របស់បុរសខាងលើនេះ គីដោយសារអត់អាហារ គាត់ជាមនុស្សអនាថា បើយោងតាមការស្រាវជ្រាវ តែលោកមិនបានប្រាប់ឈ្មោះសពរងគ្រោះឡើយ ៕ វណ្ណា


ចែករំលែក៖