ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ និងបាត់ខ្លួនរាប់រយនាក់នៅឡាវ ខណៈជិត៧ពាន់នាក់ភៀសខ្លួនដោយសារបាក់ទំនប់វារីអគ្គិសនី

ចែករំលែក៖

មនុស្សយ៉ាងតិចជាង១០០នាក់​ត្រូវគេរាយការណ៍ថា បានបាត់បង់ជីវិត និងរាប់រយនាក់ផ្សេងទៀត​នៅបាត់ខ្លួន កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ បន្ទាប់ពីហេតុការណ៍បាក់ទំនប់វារីអគ្គិសនីមួយកន្លែងនៅភាគអាគ្នេយ៍​ប្រទេសឡាវ បណ្តាលឲ្យទឹកហូរជនលិចផ្ទះប្រជាពលរដ្ឋយ៉ាងតិច៦ភូមិ ។ ដោយឡែកមនុស្សជិត៧ពាន់នាក់ផ្សេងទៀត​ត្រូវអាជ្ញាធរឡាវ ប្រកាសជម្លៀសខ្លួនទៅរកទីសុវត្ថិភាព ។

ទីភ្នាក់ងារព័ត៌មានឡាវ​បានផ្សាយថា ហេតុការណ៍បាក់ទំនប់វារីអគ្គិសនីនេះបានកើតឡើងកាលពីល្ងាចថ្ងៃចន្ទ ស្ថិតនៅជាប់ព្រំដែនជាមួយប្រទេសកម្ពុជា ដែលធ្វើឲ្យទឹកហូរចេញរាប់លានម៉ែត្រគូប ។ មនុស្សច្រើនរយនាក់​បានបាត់បង់ជីវិត និងច្រើនរយនាក់ទៀត​បាត់ខ្លួន ខណៈដែលអាជ្ញាធរបានជម្លៀសពលរដ្ឋប្រមាណ៦៦០០នាក់ ។

មនុស្សម្នាជាច្រើនបានរងផលប៉ះពាល់ ដោយមិននឹកស្មានដល់ ក៏ព្រោះតែទឹកបានជន់លិចផ្ទះសម្បែងរបស់ពួកគាត់យ៉ាងឆាប់រហ័សបំផុត ។ បច្ចុប្បន្ននេះ អាជ្ញាធរឡាវ បាននិងកំពុងមមាញឹកយ៉ាងខ្លាំងអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋតាមបញ្ជារបស់រដ្ឋាភិបាល ។

សូមបញ្ជាក់ថា ប្រទេសឡាវ​កំពុងមានទំនប់វារីអគ្គិសនីប្រហែល១០កន្លែងធ្វើប្រតិបត្តិការ, ១០ទៅ២០កន្លែងទៀត​កំពុងស្ថិតនៅក្រោមសាងសង់ ។ វិស័យអគ្គិសនី​ក្លាយជាប្រភពចំណូលខ្ពស់បំផុតរបស់ប្រទេសនេះ ៕


ចែករំលែក៖