ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិកូរ៉េទំនងជាស្រវឹងស្រាបើករថយន្តបុកបង្គោលភ្លើងនៅតាមចិញ្ចើមផ្លូវ បណ្តាលឲ្យខ្ទេចមុខរថយន្ត

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិកូរ៉េម្នាក់ ទំនងជាស្រវឹងស្រាបានបើករថយន្តមួយគ្រឿង យ៉ាងលឿនបានជ្រុលចង្កូតទៅបុកបង្គោលភ្លើងនៅតាមចិញ្ចើមផ្លូវ បណ្តាលឲ្យខូចខាតផ្នែកខាងមុខ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជិត១១យប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ២០០២ ខាងមុខរោងចក្រ LA ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសជាជនជាតិកូរ៉េម្នាក់ វ័យជាង៥០ឆ្នាំ បានបើកបររថយន្តមួយគ្រឿងម៉ាក ឡិចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AD-3602 ទំនងជាស្រវឹងស្រា បានបើករថយន្តតាមបណ្តោយផ្លូវ២០០២ ក្នុងទិសដៅពីកើតទៅលិច យ៉ាងលឿន ។ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តរេចង្កូតទៅបុកបង្គោលភ្លើង២ដើមដែលនៅតាមចិញ្ចើមផ្លូវបណ្តាលឲ្យបាក់អស់១ដើម ។ ចំណែកឯរថយន្តខូចខាតផ្នែកខាងមុខដាច់ក្រឡេកង់ខាងចំហៀងខាងស្តាំទៅមុខលែងរួច ។ ចំណែកអ្នកបើកបរបើកទ្វាររថយន្តចុះដើរគេចខ្លួនពីកន្លែងកើតហេតុបាត់ ។

បន្ទាប់ពីកើតហេតុរថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញចុះមកស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយនៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖