ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីឆេះផ្ទុះបង្គោលបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្រុងកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ និងបុគ្គលិកដែលធ្វើការនៅក្បែរសាខាធនាគារជាតិខេត្តកំពង់ឆ្នាំង មានកាភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីចរន្តអគ្គិសនីត្រូវបានកាត់ផ្តាច់ ហើយសម្លេងផ្ទុះនៃការឆ្លងចរន្តអគ្គិសនីចេញពីបង្គោលភ្លើងដែលមានត្រង់ស្វូអគ្គិសនី ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង៩ព្រឹក ថ្ងៃពុធ ១៣កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានផ្សែងហុយចេញពីបង្គោលត្រង់ស្វូនៅក្បែររបងធនាគារជាតិខេត្ត មួយសន្ទុះក្រោយមកស្រាប់តែឆេះចេញជាអណ្តាតភ្លើងចេញមក និងបានផ្ទុះឆ្លងចរន្តអគ្គិនី ធ្វើឲ្យប្រជាពលរដ្ឋនៅទីនោះកាន់តែមានការភ័យខ្លាច រួចភ្លើងកាន់តែឆេះខ្លាំងទៅៗ រួចបានរាយការណ៍ទៅខាងអគ្គិសនីមកជួយអន្តររាគមន៍បិទចរន្តអគ្គិសនី ដើម្បីកុំឲ្យឆ្លងបន្តទៀត ប៉ុន្តែអណ្តាតភ្លើងនៅតែបន្តឆេះ ទើបសមត្ថកិច្ចសុំអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង ដើម្បីជួយពន្លត់ ។

សមត្ថកិច្ចបានយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ បានធ្វើឲ្យអគ្គិភ័យរលត់ទាំងស្រុងទទៅវិញ។

ករណីនេះត្រូវបានសមត្ថកិច្ចអះអាងថា មកពីឆ្លងចរន្តអគ្គិសនី និង អាចមកពីការប្រើប្រាស់បណ្តាញអគ្គិសនីនៅចំណុចនេះច្រើន ធ្វើឲ្យឆ្លងឆេះតែម្តង ។ សមត្ថកិច្ចអំពាវនាវឲ្យប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់ លើការប្រើប្រាស់អគ្គិសនីនេះ ។ ករណីឆ្លងចរន្តអគ្គិសនីនេះមិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់ទ្រព្យសម្បត្តិ ឬគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនោះទេ ៕ ចន្ថា


ចែករំលែក៖