ភ្នំពេញ ៖ មន្ត្រីជំនាញក្រសួងធនធាន ទឹក និងឧតុនិយមបានអះអាងថា ក្រសួង កំពុងតាមដានអំពីស្ថានភាពទឹកជំនន់ទន្លេ មេគង្គនៅខេត្តស្ទឹងត្រែង ខណៈទឹកជំនន់ ដែលហូរធ្លាក់ពីប្រទេសឡាវលិចចូលដល់តំបន់មួយចំនួននៅព្រំដែនកម្ពុជាហើយ ប៉ុន្តែមិនទាន់មានសន្ទុះខ្លាំងនៅឡើយទេ។
លោក ម៉ៅ ហាក់ ប្រធាននាយកដ្ឋាន ជលសាស្រ្ត និងការងារទន្លេ នៃក្រសួងធន ធានទឹក និងឧតុនិយម បានប្រាប់អ្នកសារ ព័ត៌មានជាបឋមថា គិតមកដល់ម៉ោង ១០ព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ទឹកជំនន់ដែលហូរចេញពីការបាក់ទំនប់ Se-Pian Se Nam Noi ក្នុងខេត្តអាត់ថាពើ (Attapeu) ប្រទេសឡាវ បានមកដល់ព្រំ ដែនប្រទេសកម្ពុជាជាបណ្តើរៗហើយ និង បានលិចចូលតំបន់មួយចំនួន នៅក្នុងឃុំ ថ្មកែវ ឃុំសន្តិភាព និងឃុំសេកុងនៃស្រុក សៀមប៉ាង ខេត្តស្ទឹងត្រែង ។
លោកបន្តថា ពីព្រឹកមកដល់វេលា ម៉ោង១០ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ទឹកទន្លេសេកុង ក្នុងស្រុកសៀមប៉ាង មាន កម្ពស់ជិត១១ម៉ែត្រកន្លះ ហើយបើនៅតែ បន្តឡើងរហូតដល់កម្ពស់១៣ម៉ែត្រនឹង លិចទីរួមស្រុកសៀមប៉ាង។ ប៉ុន្តែសន្ទុះទឹក បានកើនក្នុងរយៈពេល៤ម៉ោងឡើងកម្ពស់ ១តឹក ដូច្នេះល្បឿនទឹក គឺនៅយឺតនៅឡើយ ទេ។ យ៉ាងណាក៏ដោយក្រសួងនៅតែបន្ត តាមដានចំពោះស្ថានភាពទឹកជំនន់នេះ ។
លោកបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយមបានតាមដានយ៉ាងយកចិត្ត ទុកដាក់ ហើយបានជូនដំណឹងទៅអាជ្ញាធរ មូលដ្ឋានឲ្យត្រៀមលក្ខណៈជួយជម្លៀស បងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិ ភាព ។
បើតាមលោកប្រធាននាយកដ្ឋានជលសាស្រ្ត និងការងារទន្លេនៃក្រសួងធនធាន ទឹក និងឧតុនិយមបានឲ្យដឹងថា បើសិនជា មិនមានភ្ញៀងធ្លាក់ច្រើនទៀតទេ ទឹកដែល ហូរមកពីប្រទេសឡាវចូលកម្ពុជា នឹងស្រក មកសភាពធម្មតាវិញ ក្នុងអំឡុងពេល១០ ថ្ងៃខាងមុខ។
ជាមួយគ្នានេះដែរស្ពានបេតុងមួយកន្លែង នៅតាមបន្ទាត់ព្រំដែនខ្មែរ-ឡាវឆ្លងកាត់ ទន្លេសេកុង ស្ថិតក្នុងឃុំសន្តិភាព ស្រុក សៀមប៉ាង បានរងការស្រុតបាក់តាម ត្រចៀកក្បាលស្ពានពីចំហៀងខាងកើត កាលពីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ គ្រាដែលទឹកនៅទន្លេសេកុង នៃប្រទេស ឡាវបានហូរចូលមកយ៉ាងច្រើនសន្ធឹក សន្ធាប់ ។
ស្ពាននេះទើបតែបញ្ចប់ការកសាងកាល ពីដើមខែឧសភាកន្លងទៅថ្មីៗនេះ ដែល កសាងឡើងដោយកម្លាំងកងវិស្វកម្ម ដើម្បី បម្រើឲ្យជូនប្រជាពលរដ្ឋធ្វើដំណើរឆ្លង កាត់ និងដើម្បីតភ្ជាប់ផ្លូវពីខេត្តមួយទៅ ខេត្តមួយទៀតផងដែរ ។
តាមសេចក្តីរាយការណ៍ពីកម្លាំងយោធា ដែលឈរជើងនៅទីនោះថា ស្ពានខាង លើនេះបានបាក់ស្រុតផ្នែកខាងកើតនៃ ត្រចៀកក្បាលស្ពាន ដោយសារតែទឹកទន្លេ សេកុងហូរពេញព្រៀប ទើបបណ្តាលឲ្យ ទឹកហូរច្រោះត្រង់ចំណុចដីក្បាលស្ពានទើប ចាក់ថ្មី។ លោកបន្តថា សូមផ្អាកការឆ្លង កាត់ជាបណ្តោះអាសន្នសិន ។
សូមបញ្ជាក់ថា ស្ពានខាងលើពុំសូវមាន ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ទេ ដែល ភាគច្រើនជាយោធាដែលឈរជើងនៅតាម បន្ទាត់ព្រំដែនដឹកស្បៀងឆ្លងកាត់។
រីឯកម្លាំងសមត្ថកិច្ចចម្រុះខេត្តស្ទឹងត្រែង ដឹកនាំដោយលោក ម៉ុម សារឿន អភិបាល ខេត្តបានចុះពិនិត្យ និងរៀបចំជម្លៀសប្រជា ពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ដើម្បីគេច ចេញពីទន្លេសេកុង ដែលបន្តហក់ឡើង ដល់កម្ពស់១១,៣០ម៉ែត្រ ដែលជាកម្រិត ត្រូវប្រកាសគឺ១១,៥០ម៉ែត្រ ដោយសារ ទឹកជំនន់ពីការបាក់ទំនប់វារីអគ្គិសនី សេពានសេណាមណយ ស្ថិតនៅខេត្ត អាត់ថាពើ ប្រទេសឡាវ មានចម្ងាយ ប្រមាណ៧០គីឡូម៉ែត្រពីព្រំដែន(កម្ពុជា-ឡាវ)។
លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹង ត្រែង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ បានដឹកនាំកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ ពាក់ព័ន្ធទាំងអស់ចុះពិនិត្យស្ថានភាពទឹក ជំនន់ព្រមទាំងបន្តជម្លៀសបងប្អូនប្រជា ពលរដ្ឋ ដែលរស់នៅតាមដងទន្លេសេកុង ទៅកាន់ទីទួលសុវត្ថិភាព។
ប្រធានមន្ទីធនធានទឹក និងឧតុនិយម ខេត្តស្ទឹងត្រែងបានឲ្យដឹងថា ក្រោយពីបាក់ទំនប់អគ្គិសនីនៅខេត្តអាត់ថាពើ ប្រទេសឡាវ នាល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ កម្ពស់ទឹកទន្លេបានហក់ឡើងយ៉ាងឆាប់ រហ័សដល់កម្ពស់១១, ៣០ម៉ែត្រ ដែល កម្រិតនេះឈានដល់ការប្រកាសអាសន្ន ដើម្បីឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ខ្ពស់ហើយស្រុកដែលប្រឈមមុខជាងគេគឺ ស្រុកសៀមប៉ាងតែម្តង។
សូមបញ្ជាក់ថា ដោយសារមានភ្លៀង ធ្លាក់ជាប់គ្នាជាច្រើនថ្ងៃបានបង្កឲ្យទំនប់វារី អគ្គិសនី Se-pian Se Nam Noi នៅខេត្តអាត់ថាពើ (Attapeu) ប្រទេសឡាវ បានបាក់ជនលិចភូមិ-ឃុំជាច្រើនធ្វើឲ្យប្រជាពល រដ្ឋឡាវបាត់ខ្លួនរាប់រយនាក់ និង៦ពាន់នាក់ គ្មានទីជម្រក ទើបនៅព្រឹកថ្ងៃទី២៥ ខែ កក្កដា ឆ្នាំ២០១៨ លោក ម៉ុម សារឿន អភិ បាលខេត្តស្ទឹងត្រែងបានដឹកនាំកម្លាំងចម្រុះ ត្រៀមសម្ភារសង្គ្រោះបន្ទាន់ និងតង់ សម្រាប់ប្រក់បណ្តោះអាសន្នជូនប្រជាពល រដ្ឋរស់នៅតាមដងទន្លេសេកុងនៅស្រុក សៀមប៉ាង ដែលប្រឈមនឹងការលិចលុង ត្រូវបានជម្លៀងជាបន្តបន្ទាប់តាំងពីយប់មកកាន់ទីទួលសុវត្ថិភាព។
លោក ម៉ែន គង់ នាយករងរដ្ឋបាល សាលាខេត្តស្ទឹងត្រែងបានថ្លែងថា ពេល នេះអាជ្ញាធរខេត្ត និងកងកម្លាំងមានសមត្ថ កិច្ចកំពុងប្រើគ្រប់មធ្យោបាយបន្តចុះតាម ភូមិដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែល ទទួលរងគ្រោះដោយសារទឹកជំនន់ពីការ បាក់ទំនប់វារីអគ្គិសនី Se-pian Se Nam Noi នៅខេត្តអាត់ថាពើ (Attapeu) ប្រទេសឡាវនេះ។ លោកបានបន្តទៀតថា រហូតមកដល់ពេលនេះយើងបានជួយ ជម្លៀសប្រជាពលរដ្ឋមកកាន់ទីទួលមាន សុវត្ថិភាពបានប្រមាណជាង២០០នាក់ ហើយកំពុងធ្វើដំណើរបន្តទៅផ្នែកតំបន់ខាង លើក្នុងការជួយជម្លៀសអ្នកភូមិចេញពីគ្រោះ មហន្តរាយគ្រោះទឹកជំនន់នេះផងដែរ។
លោក ម៉ែន គង់ នាយករងរដ្ឋបាលខេត្ត ស្ទឹងត្រែងបានបញ្ជាក់ថា គិតត្រឹមម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២៥ ខែកក្កដានេះ អាជ្ញាធរ មិនទាន់ប្រមូលបានទិន្នន័យប្រជាពលរដ្ឋដែលរងគ្រោះពិតប្រាកដនៅឡើយទេ ព្រោះអាជ្ញាធរកំពុងតែខិតខំ និងរកវិធីក្នុងការ ជួយសង្គ្រោះជាពិសេសជម្លៀសទៅរកទី កន្លែងមានសុវត្ថិភាព ប៉ុន្តែឃុំទាំង៥របស់ ស្រុកសៀមប៉ាង គឺទីទួលលិចលង់ទាំងអស់ ក្នុងនោះឃុំចំនួន៤រងការគំរាមកំហែងធ្ងន់ ធ្ងរជាងគេ។ លោកបន្ថែមទៀតថា តាមការ វាយតម្លៃប្រជាពលរដ្ឋដែលរងគ្រោះដោយ សារទឹកជំនន់បានទំនប់វារីអគ្គិសនីមកពី ប្រទេសឡាវនេះអាចមានប្រមាណជាង ៣.០០០នាក់។
បើតាមព័ត៌មានចុងក្រោយពីមន្ត្រីរដ្ឋាភិបាលឡាវ បានឱ្យដឹងនៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ថា សាកសពមនុស្ស ១៧នាក់ហើយត្រូវបានស្រង់ចេញពីក្នុង ទឹកបន្ទាប់ពីទំនប់វារីអគ្គិសនីមួយកន្លែង នៅក្នុងប្រទេសឡាវបានបាក់កាលពីថ្ងៃ អង្គារ ដោយបង្កជាគ្រោះទឹកជំនន់នៅតាមភូមិជាច្រើន និងមនុស្សបន្តបាត់ខ្លួនរាប់រយនាក់ទៀត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានថៃ The Nation នៅរសៀលថ្ងៃពុធ ទី២៥ ខែកក្កដា ឆ្នាំ ២០១៨។
អាជ្ញាធរឡាវកំពុងបង្កើនកិច្ចខិតខំប្រឹង ប្រែងស្វែងរកអ្នកនៅរស់រានមានជីវិត ខណៈមនុស្សច្រើនជាង១០០នាក់នៅតែ បន្តបាត់ខ្លួននៅឡើយ ហើយរាប់ពាន់នាក់ ទៀតបានបាត់បង់ផ្ទះសម្បែងរបស់ពួកគេ។ អាជ្ញាធរឡាវ កាលពីថ្ងៃអង្គារបានរាយ ការណ៍ថា ទំនប់វារីអគ្គិសនីមួយកន្លែងបាន ដួលរលំនៅខេត្តអាត់ថាពើភាគអាគ្នេយ៍ ប្រទេសឡាវជាប់ព្រំដែនខេត្តស្ទឹងត្រែង ព្រមទាំងខេត្តរតនគិរីភាគឦសាននៃ ប្រទេសកម្ពុជា។
សូមជម្រាបថា ទំនប់ខាងលើត្រូវបានគេ រាយការណ៍ថាបានទម្លាយទឹកយ៉ាងជន់ ជោរក្នុងទំហំប្រមាណ៥ពាន់លានម៉ែត្រគូប នៅក្នុងសង្កាត់សានសៃ (San Sai) នៃ ខេត្តអាត់ថាពើ ហើយវាត្រូវបានសាងសង់ ឡើងដោយគម្រោងរួមគ្នាមួយដឹកនាំ ដោយបណ្តាញក្រុមហ៊ុនកូរ៉េខាងត្បូង សហការជាមួយថៃ និងឡាវផ្ទាល់៕ ហេង សូរិយា