ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលហៅសុំឆែកឆេរជនសង្ស័យម្នាក់ដកកាំភ្លើងភ្ជង់សមត្ថកិច្ចផ្អើលទាំងយប់​

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំង​នគរបាល​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២ ល្បាតក្នងមូលដ្ឋានក៏ប្រទះឃើញជនសង្ស័យកំពុងដើរទើបហៅសួរនាំស្រាប់តែជននោះដកកាំភ្លើងភ្ជង់សមត្ថកិច្ចវិញបង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​រំលង​អធ្រាត្រ​ ឈាន​ចូលថ្ងៃព្រហស្បតិ៍ ១៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ភូមិ​ថ្មគោល​១ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​មានឈ្មោះ ភា​ច និមល ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​មើល​កូន​នៅផ្ទះ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ថ្មគោល​១ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ព្រៃ ស្រុក​ជល​គិរី ខេត្តកំពត ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ពួក​គាត់​បាន​ចេញ​ល្បាត​នៅ​ក្នុងភូមិ​សាស្ត្រ​ខាងលើ ដើម្បីការពារសុវត្តិភាពជូនប្រជាពលរដ្ឋ លុះ​ល្បាត​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ឃើញ​ជនសង្ស័យ​ម្នាក់​កំពុង​ដើរ​តាម​ផ្លូវ​ម្នាក់ឯង​មាន​ពាក់មួក​ទាហាន ហើយ​មានការ​សង្ស័យ​បាន​ឃាត់​សួរនាំ បន្ទាប់​មក​ជនសង្ស័យ​ខាងលើ បាន​និយាយ​ថា ពួក​ឯង​មិនបាច់​ចាំ​ឆែកឆេរ​អញ​ទេ ចំណែក​កម្លាំង​សមត្ថកិច្ច​រឹតតែ​មានការ​សង្ស័យ​ខ្លាំង​ឡើង​ក៏​ឃាត់​ឆែកឆេរ នៅ​ពេល​នោះ​ដែរ​ស្រាប់តែ​ជនសង្ស័យ​បាន​យក​កាំភ្លើង​ជ័រ​ភ្ជង់​សមត្ថកិច្ច​វិញ ធ្វើ​ឲ្យ​សមត្ថកិច្ច​ភិតភ័យ​ដែរ ប៉ុន្តែ​ពេល​ភ្ជង់​ទៅ​កាំភ្លើង​នោះ​ស្រាល​ទើប​សមត្ថកិច្ច​ដឹង​ថា ជា​កាំភ្លើង​ជ័រ ភ្លាម​ៗ​​កម្លាំង​សមត្ថកិច្ច​ចាប់ជាប់ ហើយ​បាន​ធ្លាក់​ថ្នាំ​ញៀន​ចេញពី​ខ្លួន​ចំនួន​មួយ​កញ្ចប់ បន្ទាប់​មក​កម្លាំង​នគរបាលបាន​នាំ​ជនសង្ស័យ​ខាងលើ​ទៅ​សាកសួរ​បន្ត នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​២ ។

ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ សុខាសែនជ័យ


ចែករំលែក៖