ព័ត៌មានទាន់ហេតុការណ៍៖

លោកឃួង ស្រេង៖ បងប្អូនពលរដ្ឋនៅសហគមន៍អន្លង់គង សង្កាត់ព្រៃស និងសាក់សំពៅ ខណ្ឌដង្កោ ត្រូវទទួលការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយពីជំនន់ទឹកភ្លៀង ធ្វើឲ្យខួចខាត

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ សង្កាត់ចំនួន២នៅ ខណ្ឌដង្កោ នឹងទទួលបាន ការស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ លូ ឡើងវិញក្រោយជំនន់ទឹកភ្លៀងធ្វើឲ្យខូចខាតរួចអស់នោះ ។ ក្នុងនោះមានសហគមន៍អន្លង់គង ក្នុងភូមិអន្លង់គងថ្មីសង្កាត់ព្រៃស ធ្វើផ្លូវ៣ខ្សែរួមនិងការដាក់លូ និងសង្កាត់សាក់សំពៅ នឹងស្ថាបនាផ្លូវឡើងវិញចំនួន២ខ្សែដែលទទួលរងខូចខាតដោយសារទឹកហូរកាត់ ផ្តាច់ផ្លូវ ។

នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅពេលដែលលោកណែនាំទៅមន្ទីរជំនាញ ខណៈដឹកនាំមន្ត្រី និងអាជ្ញាធរចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅសហគមនអន្លង់គង ក្នុងភូមិអន្លង់គងថ្មីសង្កាត់ព្រៃសនិងបន្តចុះទៅពិនិត្យនិងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលទទួលរងការលិចលង់ដោយទឹកជំនន់នៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ កាលពីថ្ងៃព្រហស្បតិ៏១៤ កើតខែទុតិយាសាឍ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិង ថ្ងៃទី២៦ កក្កដា ឆ្នាំ២០១៨ ។

ចំពោះការចុះត្រួតពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋនៅសហគមន៍ អន្លង់គង ក្នុងភូមិអន្លង់គងថ្មីសង្កាត់ព្រៃស លោក ឃួង ស្រេង បានសន្យាថា៖ នឹងស្ថាបនាផ្លូវបេតុងចំនួន៣ខ្សែរួមនិងការដាក់លូជូនប្រជាពលរដ្ឋ ខណៈដែលផ្លូវ៣ខ្សែនេះកំពុងឈូសឆាយចាក់ថ្មហើយនោះ។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ក្នុងនាមជាអាជ្ញាធរដែនដី មានភារកិច្ចមួយទៀត នោះគឺចលនាប្រជាពលរដ្ឋឲ្យទៅបោះឆ្នោតនៅថ្ងៃទៅ២៩ កក្កដា ខាងមុខនេះ ដូច្នេះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងសហគមននេះ សូមទៅបោះឆ្នោតទាំងអស់គ្នា ហើយក្រោយការបោះឆ្នោត បើទទួលបានលទ្ធផលល្អ រដ្ឋបាលរាជធានីភ្នំពេញ នឹងស្ថាបនាផ្លូវ៣ខ្សែនេះជាផ្លូវបេតុងជូនតែម្តង រួមនិងការដាក់លូទំហំ៨តឹកឲ្យថែមទៀត។

លោកសៀង សុផាត អាយុ៥៨ឆ្នាំ និង លោក ជា សាឡន អាយុ៤៤ឆ្នាំនិង អ៊ុំ ស្រីឈ្មោះបាន កេង អាយុ៦៤ឆ្នាំ ដែលជាប្រជាពលរដ្ឋរស់នៅសហគមន៍ អន្លង់គង ភូមិអន្លង់គងថ្មីសង្កាត់ព្រៃសមានប្រសាសន៍លើកឡើងស្រដៀងគ្នាថា ពួកគាត់ពិតជារីករាយណាស់ ដែលបានលោកអភិបាលរាជធានីភ្នំពេញ យកចិត្តទុកដាក់ចុះមកសួរសុខទុក្ខនិងបានកសាងផ្លូវ លូឲ្យពួកគាត់ថែមទៀតនេះ ។ ពួកគាត់បញ្ជាក់ថា៖ ពីមុនសហគមនរបស់ពួកគាត់រស់នៅ បានទទួលរងការលិចលង់ ដោយជំនន់ទឹកភ្លៀងពិបាកក្នុងការរស់នៅ ។ តែពេលនេះមិនត្រឹមតែអភិបាលរាជធានីភ្នំពេញធ្វើផ្លូវឲ្យប៉ុណ្ណោះទេ គឺនៅបានស្ថាបនាលូឲ្យបន្ថែមទៀត។

ប្រជាពលរដ្ឋបានសន្យាថា ពួកគាត់នឹងទៅបោះឆ្នោតនៅថ្ងៃទី២៩ កក្លដា ២០១៨ទាំងអស់គ្នាដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រទេសជាតិ ហើយគណបក្សដែលពួកគាត់ត្រូវតែទៅបោះឆ្នោតជូននោះ គឺគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០ ដើម្បីឲ្យសម្តេចតេជោហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីបន្តទៀត ។ មានសម្តេចតេជោហ៊ុន សែន គឺមានការអភិវឌ្ឍរីកប្រទេសជាតិឲ្យរីកចំរើន។

មន្ត្រីរដ្ឋបាលខណ្ឌដង្កោបានបញ្ជាក់ថា សហគមនអន្លង់គង មានផ្ទៃដីជិត១០ហិកតា មានប្រជាពលរដ្ឋរស់នៅជិត៣០០ គ្រួសារ និងអ្នកមានឈ្មោះទៅបោះឆ្នោតប្រមាណ៧០០នាក់។

ក្រោយបញ្ចប់ការចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅសហគមនអន្លង់គងហើយនោះ លោក ឃួង ស្រេង ក៏បានអញ្ជើញបន្តទៅសួរសុខទុក្ខប្រជាពលរដ្ឋ ដែលទទួលរងការលិចលង់ដោយទឹកជំនន់នៅសង្កាត់សាក់ សំពៅ ខណ្ឌដង្កោបន្តទៀត។

នៅក្នុងឱកាសនោះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានធ្វើការណែនាំឲ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការស្ថាបនាផ្លូវចំនួន២ខ្សែឡើងវិញ ក្រោយពីផ្លូវទាំង២ខ្សែនេះទទួលរងខូចខាតដោយសារទឹកហូរផ្តាច់កាលពីប៉ុន្មានថ្ងៃមុននេះ៕ សំរិត


ចែករំលែក៖