ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលពីសំណាក់ក្រុមគ្រួសារស្រែកយំ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានភ្លាមៗ ខណៈប្រទះឃើញបុរសម្នាក់ស្លាប់ក្នុងទឹកស្រះខាងក្រោយផ្ទះចំងាយ២៥០ម៉ែត្រ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀងដោយមូលហេតុមានជំងឺ សសៃប្រសាទរអឹលជើងធ្លាក់ចូលទឹកស្រះ ។
យោងតាមសមត្ថកិច្ចនគរបាល ក្រុងស្វាយរៀងបានឲ្យកាសែតនគរវត្តដឹងថា បុរសដែលលង់ទឹកស្លាប់ មានឈ្មោះប្រាក់ សុផាន អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀង ។
សមត្ថកិច្ចនគរបាលបញ្ជាក់ទៀតថា កាលពីថ្ងៃ ពុធ ១៣កើត ខែ ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ២០១៨ វេលាម៉ោង១៦ និង៣០នាទីរសៀល មានឈ្មោះ ភោគ ខុន ភេទប្រុស អាយុ ៥៧ឆ្នាំ មានទីលំនៅភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀង ត្រូវជាឪពុកបានប្រញាប់ប្រញាលមករាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានថា កូនប្រុសឈ្មោះ ប្រាក់ សុផានមានជំងឺសសៃប្រសាទជាច្រើនឆ្នាំព្យាបាលមិនជាបានបាត់ចេញពីផ្ទះមិនដឹងទៅណា ខណៈដើររកមិនឃើញដោយសមត្ថកិច្ចស្វះស្វែងដើររកដែរប៉ុន្តែនៅតែមិនឃើញសោះឡើយ ។
លុះរហូតដល់ថ្ងៃ ព្រហស្បតិ៍ ១៤កើត ខែ ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ២០១៨ វេលាម៉ោង៦ និង៣០នាទី ព្រឹកស្រាប់តែអ្នកភូមិនិហក្រុមគ្រួសារបានប្រទះឃើញស្លាប់ក្នុងស្រះទឹកខាងក្រោយផ្ទះចម្ងាយប្រហែល ២៥០ម៉ែត្របង្កការភ្ញាក់ផ្អើលតែម្ដង ។
ក្រោយមកទើបកម្លាំងជំនាញនគរបាលសហការ ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់គយត្របែក និងគ្រូពេទ្យបានចុះធ្វើការត្រួតពិនិត្យ និងធ្វើកោសល្យវិច័យសពខាងលើរួចមកទើបសន្និដ្ឋានថា សពពិតជាស្លាប់ដោយសារលង់ទឹកខ្លួនឯង ប្រាកដមែនដោយមិនមានស្លាកស្នាមអ្វីជារឿងឃាដកម្មអ្វីនោះទេ ហើយប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន