ខេត្តបាត់ដំបង ៖ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបងបើកសវនា ការសម្រេចលើបណ្តឹងរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបងដោយ ពិន័យអតីតប្រធាន និងសមាជិកបក្ស CNRP ក្នុងម្នាក់ៗ១០លានរៀលដោយមិនទាន់ គិតពីទោសព្រហ្មទណ្ឌផ្សេងទៀត ។
តាមសេចក្តីសម្រេចដែលចុះហត្ថលេខា ដោយលោក វន ពន ប្រធានក្រុមប្រឹក្សា ជំនុំជម្រះនៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបងបានលើកឡើង៤ ចំណុចគឺ៖
ចំណុចទី១-ទទួលបណ្តឹងលេខ០០១ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ បណ្តឹង លេខ០០២, ០០៣, ០០៤, ០០៥ ចុះថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ២០១៨ មានលក្ខណៈត្រឹមត្រូវតាមទម្រង់ច្បាប់ ។
ចំណុចទី២-ទទួលស្គាល់លិខិតប្រគល់សិទ្ធិជូនមេធាវី និងតំណាងលើបណ្តឹង សំណុំរឿងទាំង៥ មានលក្ខណៈត្រឹមត្រូវតាមទម្រង់ច្បាប់ ។
ចំណុចទី៣-ផាកពិន័យជាប្រាក់ចំនួន ១០លានរៀលក្នុងម្នាក់ៗដោយពុំគិតដល់ទោសព្រហ្មទណ្ឌឈ្មោះ ជា ជីវ, ថោង សារឿន, ម៉ាង ឈុន, ពៅ តាំង, គ្រុយ គឹមសាំង ។
ចំណុចទី៤-សេចក្តីសម្រេចនេះត្រូវ បានធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គនៃក្រុមប្រឹក្សាជំនុំជម្រះគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបងនាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ និងបើកផ្លូវតវ៉ាតាម កំណត់ច្បាប់ ។
សូមរំឭកថា នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤ កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបងបើកសវនាការលើ បណ្តឹង៥ពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាតតាមបណ្តឹងរបស់ថ្នាក់ដឹកនាំគណ បក្សប្រជាជនកម្ពុជានៅឃុំលើអតីតប្រធាន គណបក្សសង្គ្រោះជាតិខេត្តនិងសកម្មជនមួយចំនួនទៀត ។
កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅផ្ទះលោក ជា ជីវ អតីតប្រធានគណបក្ស សង្គ្រោះជាតិខេត្តបាត់ដំបងបានរៀបចំពិធីជួបជុំសមាជិករបស់ខ្លួនលើករណីម្រាមដៃស្អាត។ ក្នុងសវនាការនេះខាងអតីតគណបក្សសង្គ្រោះជាតិទាំង៥រូបបានផ្ទេរសិទ្ធិឲ្យមេធាវី សួន ចំរើន ដើម្បីការពារតាមផ្លូវ ច្បាប់។ ឯតំណាងគណបក្សប្រជាជនកម្ពុជា ខេត្តបានផ្ទេរសិទ្ធិឲ្យលោកមេធាវី ហម មុនី។
សវនាការនេះបានជជែកដេញដោលដោយមេធាវីទាំង២បក្សក្នុងរយៈពេល ពេញមួយម៉ោងជាលទ្ធផលតំណាងអតីតគណបក្សសង្គ្រោះជាតិស្នើឲ្យលើកលែងការចោទប្រកាន់ ព្រោះពុំមានច្បាប់ចែង និងកំណត់ទោសឡើយ។ ឯតំណាងគណបក្សប្រជាជនកម្ពុជាក៏បានស្នើសុំឲ្យក្រុមប្រឹក្សាជំនុំជម្រះចោទប្រកាន់ទៅលើជន ទាំង៥រូបនោះ ។
ថ្មីៗនេះលោក សោម សូរីដា អគ្គលេខា ធិការរង គ.ជ.ប.បានលើកឡើងថា បណ្តឹងប្រឆាំងនឹងអ្នកធ្វើយុទ្ធនាការម្រាមដៃស្អាត មិនទៅបោះឆ្នោតនៅក្នុងខេត្តបាត់ដំបង ដែលមាន៥ករណីត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ហៅភាគីពាក់ ព័ន្ធមកផ្សះផ្សាតែមិនត្រូវរ៉ូវគ្នា ។
លោក សោម សូរីដា បានបន្ថែមថា នៅ ពេលបើកសវនាការនៅថ្នាក់ខេត្តនេះទើប មានការសម្រេចលើការផ្តន្ទាទោសដោយពិន័យជាប្រាក់តាមបទល្មើសនីមួយៗ។ បន្ទាប់មកបើភាគីណាមួយមិនសុខចិត្តនឹង មានការប្តឹងបន្តមកកាន់ គ.ជ.ប. និងចុងក្រោយប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ។
អគ្គលេខាធិការរងគ.ជ.ប.លោក សោម សូរីដា បានបន្ថែមថា បណ្តឹងពាក់ព័ន្ធនឹងម្រាមដៃស្អាតនេះ ក៏មាននៅខេត្តសៀមរាប ខេត្តកែប និងនៅខេត្តព្រះវិហារផងដែរ។ តែលោក សោម សូរីដា មិនទាន់ដឹងថា មាន មនុស្សប៉ុន្មាននាក់ដែលត្រូវបានប្តឹងនៅឡើយទេ ។
តំណាងគណបក្សប្រជាជនកម្ពុជាបានប្តឹងលើក្រុមអ្នកពាក់ព័ន្ធនឹងម្រាមដៃស្អាត តាមមាត្រា១៤២នៃច្បាប់ស្តីពីការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រពាក់ព័ន្ធនឹងការរារាំងមិនឲ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ ២០១៨។ តាមមាត្រានៃច្បាប់នេះនឹងត្រូវពិន័យជាប្រាក់ពី៥លានរៀលទៅ២០ លាន រៀល ៕ ហេង សូរិយា