ខេត្តមណ្ឌលគិរី ៖ ស្ទើរមិនគួរឲ្យជឿដែលស្រ្តីម្នាក់បានផឹកភេសជ្ជៈទឹកដូងផ្សើមបំពង់កគ្រាន់មានកម្លាំង តែចៃដន្យស្រាប់តែ ឈ្លក់ស្ទះបំពង់ខ្យល់ បណ្តាលឱ្យស្លាប់ យ៉ាងអាណោចអាធ័មភ្លាមដោយក្រុមគ្រួសារដឹកទៅកាន់មន្ទីរពេទ្យមិនទាន់។
ករណីនេះបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១និង១៥ នាទីរសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុច ចំការឯកឧត្តមណយ ស្រូន ស្ថិតនៅ ភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
សមត្ថកិច្ចនគរបាលក្រុងសែនមនោរម្យ បានឲ្យដឹងថា សពឈ្មោះ ដឺ សុភឿន ភេទស្រី អាយុ ៥៩ ឆ្នាំ ត្រូវជាប្រពន្ធរបស់ លោក ណយ ស្រូន ប្រធានមន្ទីរ ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្នុងដំណើរទាំងគ្រួសារ ទៅលេងចម្ការ នៅចំណុចខាងលើហើយពួកគាត់បាននាំគ្នាធ្វើពលកម្ម កាប់ព្រៃ ជម្រះស្មៅ។ ក្រោយមក ដោយមានការហត់នឿយ ក៏នាំគ្នាសម្រាក ហើយពេលនោះជនរងគ្រោះអស់កម្លាំងពេកក៏បានផឹកភេសជ្ជៈ ទឹកដូងកំប៉ុង ជាមួយប្តី និងកូន ស្រាប់តែឈ្លក់ ទឹកដូង ហើយស្ទះបំពង់ខ្យល់ធ្វើឲ្យ ប្តីនិងកូននាំគ្នា ជួយសង្គ្រោះ ហើយក៏សន្លប់ រួចដឹកយកមក ពេទ្យបង្អែកខេត្ត តែជួយមិនទាន់ ក៏បានស្លាប់បាត់បង់ជីវិតតែម្តងទៅ ធ្វើឲ្យស្វាមីនិងកូនៗទ្រហោរយំសោកសង្រេង ក្រៃលែង ៕ សហការី