ភ្នំពេញ ៖ ថ្ងៃទី២៧ កក្កដា ២០១៨នេះ គឺជាថ្ងៃបញ្ចប់នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ។
ក្នុងថ្ងៃបញ្ចប់នៃការឃោសនានេះសម្រាប់ក្រុមយុវជនរបស់គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នារសៀលថ្ងៃ២៧ កក្កដាដដែរនេះ បានជួបគ្នាជាទ្រង់ទ្រាយធំមួយនៅទីលានសួនច្បារមុខវត្តបទុម ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
ក្បួនដង្ហែនេះដឹកនាំដោយលោកហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា លោកឃួង ស្រេង អនុប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញនិងលោកសាយ សំអាល់ ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងមានការចូលរួមពីក្រុមយុវជនរាប់ពាន់នាក់។
ក្បួននៃការដង្ហែនាថ្ងៃបញ្ចប់នេះ បានចាកចេញពីទីលានសួនច្បារមុខវត្តបទុម នៅម៉ោងប្រមាណ៣រសៀល ដោយហែទៅតាមតម្រាយផ្លូវមួយចំនួនក្នុងរាជធានីប្រមាណ១១គីឡូម៉ែត្រ ដោយនៅម៉ោង៥ល្ងាច ទើបមកជួបជុំគ្នានៅនៅទីលានសួនច្បារមុខវត្តបទុម វិញ។
ក្រៅពីនេះនៅតាមគណបក្សប្រជាជនកម្ពុជាខណ្ឌទាំង១២ចំណុចអោយបរាជធានីក៏បានដង្ហែក្បួនឃោសនា នៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ ដោយគ្រោងដង្ហែនិងជួបគ្នារហូតដល់ម៉ោង១០យប់ទើបបញ្ចប់។
សម្រាបក្បួនបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៃរដ្ឋសភា របស់គណបក្សប្រជាជនកម្ពុជា នៅក្នុងរាជធានីភ្នំពេញនេះ បានស្រែកឃោសនាថា បើស្រឡាញ់សន្តិភាព សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ គាំទ្រការអភិវឌ្ឍ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
ជយោ គណបក្សប្រជាជនកម្ពុជា!ទៅបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ គូសឱ្យចំលេខរៀងទី២០។
គួរបញ្ជាក់ផងដែរថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះ មានគណបក្សនយោបាយចំនួន២០ចូលរួមប្រកួតប្រជែង ៕ សំរិត