ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនចុះពិនិត្យការដ្ឋាន កំណាត់ផ្លូវជាតិលេខ៤១លេខ៣និងលេខ៣៣កំពុងជួសជុល

ចែករំលែក៖

ខេត្តកំពតៈ បន្ទាប់ពីបោះឆ្នាតជាតិអាណត្តិទី៦ចប់ស្ទើរមិនបាន១ថ្ងៃផង នៅ ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានអញ្ជើញទៅចុះពិនិត្យមើលការដ្ឋានកំពុងជួសជុលកំណាត់ផ្លូវជាតិលេខ៤១លេខ០៣និងលេខ៣៣ក្នុងទឹកដីខេត្តកំពតនិងកែបសំដៅធ្វើយ៉ាងណាឱ្យឆាប់រួចដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំគណៈ ប្រតិភូក្រសួងមួយក្រុមរួមមានមន្ត្រីជំនាញពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនស្ពានថ្នល់ចិន(CRBC) អញ្ជើញ ចុះពិនិត្យមើលវឌ្ឍនភាពការដ្ឋានជួសជុល កំណាត់ផ្លូវជាតិលេខ៤១ និងកំណាត់ផ្លូវជាតិលេខ៣ និង កំណាត់ផ្លូវជាតិលេខ៣៣ ក្នុងភូមិសាស្ត្រកែប និង ខេត្តកំពត ដែលបានទទួលរងនូវផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនាពេលកន្លងមកថ្មីនេះ ។

នៅក្នុងឱកាសនោះ លោកស៊ុនចាន់ថុលបានណែនាំឱ្យមន្ទីរជំនាញពាក់ព័ន្ធធ្វើការជួសជុលកាយសម្រួលបន្ទាន់កំណាត់ផ្លូវជាតិទាំងនេះដោយ ផ្លូវជាតិលេខ៤១កំពុងសិក្សាលទ្ធភាពនិងបច្ចេកទេសដើម្បីលើកកម្ពស់គុណភាព ពីផ្លូវប្រភេទ DBSTទៅជាផ្លូវបេតុងកៅស៊ូACទាំងស្រុងសំដៅរក្សាបានភាពយូរអង្វែងអាចទ្រទម្ងន់បានប្រសើរជាងមុននិងចូលរួមចំណែកក្នុងការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋព្រមទាំងការដឹកជញ្ជូនកាន់តែប្រសើរមួយកម្រិតទៀត។

ចំណែកកំណាត់ផ្លូវជាតិលេខ៣ពីភ្នំពេញមកបែកគុស ត្រូវបានបើកការដ្ឋានសាងសង់ពង្រីក ដោយក្រុមហ៊ុនចិន ពីពីរគន្លងទៅបួនគន្លង ហើយផ្លូវជាតិលខ៣៣ ពីបែកគុសមកទីរួមខេត្តកំពត បន្តទៅដល់វាលរិញ នឹងត្រូវលើកកម្ពស់គុណភាពផ្លូវពីDBSTទៅផ្លូវបេតុងកៅស៊ូAC សាងសង់ដោយក្រុមហ៊ុនចិន។ដោយឡែកគម្រោងជួសជុលផ្លូវជាតិលេខ៤ត្រូវពង្រីកទទឹងពី៧ម៉ែត្រទៅ១១ម៉ែត្រក្រាលកៅស៊ូACបន្ថែមពីលើនិងលើកកម្រិតកម្ពស់ផ្លូវដែលលេចទឹកតាមតំបន់មួយចំនួន។

លោកទេសរដ្ឋមន្ត្រីបានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលមានគម្រោងលើកកម្ពស់គុណភាពផ្លូវខេត្តផ្លូវជាតិជាច្រើនទៀតទៅដល់គ្រប់ច្រកល្ហកដើម្បីប្រជារាស្ត្រមានឱកាសរកចំណូលបន្ថែមស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។

លោកទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក្រុមហ៊ុនដឹកជញ្ជូននិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ឱ្យគោរពច្បាប់ចរាចរណ៍និងមិនត្រូវដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ថែរក្សាហេដ្ឋារចនាស្ពានថ្នល់ដែលជាសម្បត្តិប្រទេសជាតិយើងឱ្យគង់វង្សនិងប្រើប្រាស់ឱ្យបានយូរអង្វែងដល់កូនចៅជំនាន់ក្រោយ៕ ប្រាថ្នា


ចែករំលែក៖