ព័ត៌មានទាន់ហេតុការណ៍៖

ចូលទៅហាមគេកុំឲ្យផឹកស៊ីឡូឡា អ្នកប្រមឹកខឹងដេញកាប់របួសកែងជើង

ចែករំលែក៖

ខេត្តកំពង់ធំៈ បុរសម្នាក់ រង របួសធ្ងន់ ក្រោយពីគាត់ចូលទៅហាមឃាត់គេកុំឲ្យផឹកស៊ីនិយាយឡូឡា តែត្រូវជនប្រមឹកខឹងទាញកាំបិតដេញកាប់របួសតែម្ដងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃ ពុធ ៥ រោច ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃ១ ខែសីហា ឆ្នាំ២០១៨ នៅភូមិស្វាយស ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។

សមត្ថកិច្ចស្រុកស្ទោងបានឲ្យដឹងថា ជនបង្កឈ្មោះ ស៊ឹម ធារ៉ា ហៅក្រឹម ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិស្វាយស ឃុំកំពង់ចិនត្បូង ជាមនុស្សបែកថ្នាំ។ រីឯជនរងគ្រោះឈ្មោះ ឡែម សុភី ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិកំពង់ចិន ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។

ប្រភពដដែលបានឲ្យដឹងទៀតថា មុនពេលកើតរឿងរ៉ាវ គឺជនរងគ្រោះបានមកដេកលេងនៅលើអង្រឹងក្រោមផ្ទះបងស្រី រីឯជនបង្កបានផឹកស៊ីស្រវឹងហើយនិយាយឡូឡា នៅតូបលក់ដូររបស់បងស្រី មានសភាពច្រង៉ែងច្រង៉ាង ទើបជនរងគ្រោះទៅឃាត់កុំឲ្យឡូឡា នៅកន្លែងបងស្រីលក់ដូរ។ ពេលនោះជនបង្កបែរជាខឹងបានយកកាំបិតបុ័ងតោ ដេញកាប់ទៅលើជនរងគ្រោះហើយពេល ឃើញដូចនោះជនរងគ្រោះក៏រត់គេច មកបុកនឹងម៉ូតូ បណ្តាលឲ្យដួល ទើបជនបង្កមកដល់កាប់មកលើជនរងគ្រោះ ត្រូវចំកែងជើងខាងស្តាំ។ ពេលកាប់រួចជនបង្កបានរត់គេចខ្លួន ពីកន្លែងកើតហេតុ តែក្រោយមកត្រូវសមត្ថកិច្ចតាមឃាត់ខ្លួនបាន។ ចំណែកជនរងគ្រោះ ត្រូវបានបងប្អូនយកមកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកស្ទោងភ្លាមដែរ ៕ សហការី


ចែករំលែក៖