ខេត្តកំពង់ចាម៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃសុក្រ ៧រោច ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨នេះ ត្រូវធ្វើដំណើរតាមអូប៊័រ ពីកំពង់ផែ ក្រុងកំពង់ចាម អញ្ជើញចុះសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ចំនួន១៥៤៨គ្រួសារ ដែលរស់នៅភូមិទី៤ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្ដកំពង់ចាម ។
កម្មវីធីនេះ ប្រារព្ធធ្វើឡើងនៅវត្ដឥន្ទកោសី ហៅវត្ដចុងកោះជ្រូក ស្ថិតក្នុងភូមិ៤ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្ដកំពង់ចាម។
សូមជម្រាបថា នៅថ្ងៃទី០២សីហា សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋជិត២ពាន់គ្រួសារ ដែលរស់នៅទន្លេបិទលើ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ ហើយក្នុងឱកាសនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បាននាំមកនូវអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា រួមមានស្បៀង និងសម្ភារ ដែលបានមកពីសប្បុរសជនជាតិ និងអន្តរជាតិ មកប្រគល់ជូនដល់គ្រួសារនីមួយៗ ដែលទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១។
ជាមួយគ្នានេះគ្រួសារនីមួយៗ នៅទទួលបាន ក្រណាត់ស១ដុំ និងថវិកា១ម៉ឺនរៀលទៀត ជាអំណោយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ក្រៅពីនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ សម្រាប់ធ្វើសកម្មភាពជាបន្តបន្ទាប់ ទៅតាមតំបន់គោលដៅរងគ្រោះសរុបចំនួន ១,០៥៨គ្រួសារ នូវស្បៀង សម្ភារប្រើប្រាស់ រួមមាន អង្ករ មី ត្រីខ មុង ភួយ សារុង ក្រមា តង់ និងរទេះពិការផងដែរ ៕