ភ្នំពេញ៖ បុរសម្នាក់ជាតៃកុងរថយន្ដកុងតឺន័រដឹកថ្មភ្នំ ដោយសង្ស័យងងុយដេក បានបើករថយន្ដបុករបងផ្ទះប្រជាពលរដ្ឋនៅចំណុចផ្ទះលេខ៤២ ផ្លូវបេតុងព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ បណ្ដាលឲ្យរងការខូខាតយ៉ាងដំណំ តែមិនបង្កគ្រោះដល់មនុស្សឡើយ ដោយបង្កការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះ និងប្រជាពលរដ្ឋ កាលពីវេលាម៉ោង១២ ថ្ងៃថ្ងៃសុក្រ ៧រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ ។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា តៃកុងរថយន្ដមានឈ្មោះ ផន ឡូយ អាយុ២១ ឆ្នាំ មុខរបរ អ្នកបើករថយន្ដ មានទីលំនៅភូមិព្រៃចិក ឃុំរកាកោះ ស្រុកគងពិសី ខេត្ដកំពុងស្ពឺ ។ ចំណែកម្ចាស់ផ្ទះមានឈ្មោះ ចេង ផាន់ អាយុ៤៥ ឆ្នាំ មុខរបរ យោធា មានទីលំនៅកន្លែងកើតហេតុ ។
បើយោងតាមប្រភព័ត៌មានពីសាក្សីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ដដឹកថ្មធុនធំមួយគ្រឿងបើកបរក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុក៏ឃើញរេចង្កូតទៅបុករបងផ្ទះប្រជាពលរដ្ឋយ៉ាងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតទ្វារ និង កញ្ចុះយាមខាងមុខផ្ទះស្ទើរទាំងស្រុង ភ្លាមៗនោះប្រជាពលរដ្ឋបាននាំគ្នាឃាត់ខ្លួនតៃកុងរថយន្ដទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃស ដើម្បីសួរនាំ ហើយនៅក្នុងករណីរថយន្ដដឹកថ្មបើកបុករបងផ្ទះប្រពលរដ្ឋនេះមិនបណ្ដាលឲ្យមានអ្នកម្នាក់រងរបួសឡើយ ។
បើតាមការសន្និដ្ឋានរបស់ប្រជាពលរដ្ឋបានបង្ហើបប្រាប់ថា សង្ស័យតៃកុងរថយន្ដងងុយដេកហើយបានជាបើកមកបុករបងផ្ទះគេទាំងកណ្ដាលថ្ងៃត្រង់បែបនេះ ។ ហើយពួកគាត់នាំគ្នាលើកឡើងថា នៅតាមបណ្ដោយបេតុងព្រៃសនេះ មានរថយន្ដដឹកដីធុនធំ និងរថយន្ដកុងតឺន័រ បើកឆ្លងកាត់ហើយបើកក្នុងល្បឿនលឿនណាស់ ដោយមិនខ្លាចបង្កគ្រោះថ្នាក់ និងមើលអ្នកជិះម៉ូតូឡើយ ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុ រួចបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលដង្កោ ចុះមកវាស់វែង និងរង់ចាំតំណាងរថយន្ដចូលមកដោះនៅពេលក្រោយ ៕ ភារ៉ា ដង្កោ